ភ្នំពេញ៖ ការចូលរួមរត់ប្រណាំងសប្បុរសធម៌ដើម្បីកម្ពុជាកាលពីព្រឹកថ្ងៃទី៣០ ខែ មេសាឆ្នាំ២០១៧ដែលប្រារព្ធធ្វើឡើងជាលើកដំបូងរៀបចំដោយសហព័ន្ធខ្មែរកីឡាអត្តពលកម្ម សហការជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកនោះ ត្រូវបានលោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្ម បញ្ជាក់ថា មានអ្នកចូលរួមរត់រហូតដល់ទៅ២.០០០នាក់ដែលចំនួននេះគឺលើសពីការរំពឹងទុកថា ការរត់ប្រណាំងទំនងជាមានអ្នកចូលរួមត្រឹមតែ១ពាន់៥០០នាក់ទៅ១ពាន់៦០០នាក់ប៉ុណ្ណោះ ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា ការរត់ប្រណាំងសប្បុរសធម៌ដើម្បីកម្ពុជានេះក្រៅពីប្រជាពលរដ្ឋកម្ពុជាសិស្សានុសិស្ស និស្សិតក៏មានជនជាតិបរទេសជិត១៩ ប្រទេស ដូចជាប្រទេសអូស្ត្រាលី, ជប៉ុន, ចក្រភពអង់គ្លេស, បែលហ្ស៊ិក, សហរដ្ឋ អាមេរិក, ហុល្លង់, ឥណ្ឌា, សិង្ហបុរី, វៀត ណាម, ថៃ, ហ្វុីលីពីន, ស្វុីស, អាល្លឺម៉ង់, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, សាធារណរដ្ឋ ប្រជាមានិតចិន, ឥណ្ឌូនេស៊ី, ស្រីលង្កា, និងប្រទេសនៅអ៊ីរ៉ង់ផងដែរ ។
នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាដើម្បីចូលរួមអបអរសាទរ និងផ្តល់ប្រាក់រង្វាន់ដល់ជ័យលាភី ចំណាត់ថ្នាក់ក្នុងប្រទេសវិញ្ញាសា២១គីឡូម៉ែត្រ និង១០គីឡូម៉ែត្រផងដែរ។ ក្នុងនោះ ចំណាត់ថ្នាក់ លេខ១សម្រាប់វិញ្ញាសារត់ ចម្ងាយ២១គីឡូម៉ែត្រទទួលបានប្រាក់រង្វាន់ចំនួន១.០០០ដុល្លារ,លេខ២ទទួលបានប្រាក់រង្វាន់ចំនួន៥០០ដុល្លារ និងលេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣០០ដុល្លារ។
ដោយឡែកចំណាត់ថ្នាក់លេខ១ វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រទទួលបានប្រាក់រង្វាន់ចំនួន៥០០ដុល្លារ, ចំណាត់ ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៣០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ ទទួលបាន ១០០ដុល្លារ ។ ចំពោះវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រពុំទទួលបានប្រាក់ រង្វាន់នោះទេ ព្រោះវិញ្ញាសានេះសម្រាប់ឲ្យប្រជាពលរដ្ឋ និងកុមារដែលចូលចិត្តការរត់ប្រណាំងដើម្បីសុខភាព និងកម្សាន្តសប្បាយជាលក្ខណៈក្រុមគ្រូសារ និងមិត្តភក្តិរបស់ពួកគេនៅថ្ងៃចុងសប្តាហ៍៕ សារីម