ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ខ្លួនក្រោយទទួលបានដាក់ពាក្យបណ្ដឹងជនរងរបួសបន្ទាប់ពី ប្អូនថ្លៃដាល់២ដៃ និងជេរប្រមាថយ៉ាងចាស់ដៃ ដោយគ្មានមូលហេតុច្បាស់លាស់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ អ៊ុំ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។
លោកបន្តថា ជនរងរបួសឈ្មោះ ជឹង ទ្រី ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា។
គួរបញ្ជាក់ថាជនដៃដល់ និងជនរងរបួសត្រូវជាបងថ្លៃ ប្អូនថ្លៃនិងគ្នា ជនរងគ្រោះជាបងថៃ្លបានអះអាងថាកាលពីវេលាម៉ោង៩ និង៣៨ទីនាព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ជនដៃដល់(អ៊ុំ ចន្ថា) ត្រូវជាប្អូនថ្លៃ បានមកទាញមាត់ជាបងថ្លៃ(ជឹង ទ្រី)ទម្លាក់ពីលើកាំជណ្តើ និងដាល់ចំនួន ២ដៃ បណ្ដាលឲ្យរងរបួស រួចជេរប្រមាថកប់ៗមាត់ដោយគ្មានមូលហេតុ។ ចំណែក ជនដៃដល់ជាប្អូនថ្លៃបានបញ្ជាក់ថា កាលដែលគេវាយបងថ្លៃព្រោះខឹងគាត់ពូកែកាន់ជើងប្អូនម្នាក់ផ្សេងទៀត ព្រោះគេមិនសប្បាយចិត្តជាមួយអាប្អូនម្នាក់ហ្នឹងទេ ដោយសារកន្លងទៅធ្លាប់ មានទំនាស់ជាមួយខ្លួន។
ប្រភព ពីនគរបាល ស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទថា ជនសង្ស័យត្រូវបាន បញ្ជូនភ្លាមៗ ខណៈមានបញ្ជាពីថ្នាក់លើ ក៍ដូចជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ៕ បឹុម ពិន