ខេត្តបន្ទាយមានជ័យ ៖ សត្វជ្រូករស់៤០ក្បាលដឹកតាមរថយន្តធុនធំ១គ្រឿងដែលគេសង្ស័យនាំចេញពីប្រទេសវៀតណាម អត់ច្បាប់ចូលមកដល់ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានមន្រ្តីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យបង្រ្កាប ហើយនាំរថយន្តដឹកផ្ទុកជ្រូកនោះទៅមន្ទីរកសិកម្មខេត្តដើម្បីត្រួតពិនិត្យនិងធ្វើតេស្ថរកជម្ងឺឆ្លង។
ការបង្រ្កាបជ្រូករស់នាំចូលពីប្រទេសវៀត ណាមនេះ ធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅ ក្រុងប៉ោយប៉ែត ស្របពេលរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ អំពាវនិងបញ្ជាឱ្យមានការទប់ស្កាត់រាល់ការនាំចូលសត្វរស់និង ផលិតផលសត្វ ពីប្រទេសជិតខាងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងវិធានការរិតបន្តឹងដើម្បីបង្ការទប់ស្កាត់បញ្ហាជម្ងឺឆ្លងពីសត្វរស់ និងផលិតផលសត្វនាំចូលខុស ច្បាប់ក្នុងប្រទេសកម្ពុជា។
ការនាំចូលសត្វរស់ និងនាំចូលផលិផលសត្វពីប្រទេសជិតខាងខុសច្បាប់គ្មានការត្រួតពិនិត្យត្រឹម ត្រូវ។ ត្រូវគេមើលឃើញថានៅតែជាបញ្ហាប្រឈមដែលឈ្មួញខិលខូចបន្តលួចលាក់នាំចូលខុសច្បាប់ ដោយគេដាក់ការសង្ស័យថាអាចនិងមានការឃុបឃិតជាមួយនិងមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ក្រោយពីការឃាត់រថយន្តដឹកផ្ទុកជ្រូកខាងលើរួចមកមន្រ្តី ជំនាញត្រួតពិនិត្យឯកសារពីឈ្មួញអ្នកនាំចូលសត្វជ្រូកទាំងនោះ គឺមិនមានឯកសារ អ្វីទាំងអស់ ។ មន្រ្តីជំនាញក៏បានធ្វើតេស្ត ឈាមសត្វជ្រូកទាំងនោះដើម្បីផ្ញើទៅពិនិត្យ វិភាគរកជម្ងឺឆ្លង នៅអគ្គនាយកដ្ឋានក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមកដល់ ពេលនេះពិនិត្យនិងវិភាគរកឃើញថា សត្វ ជ្រូកទាំងនោះ គ្មានផ្ទុកវិរុសជម្ងឺឆ្លងប្រភេទ ជំងឺជ្រូកត្រចៀកខៀវ ឬ វិរុសប៉េស្ថនោះ ឡើយ ៕ សំ វិច្ឆិកា