ភ្នំពេញ ៖ អ្នកកាន់កាមេរ៉ាថត និងជាអ្នកសម្តែងឲ្យផលិតកម្មថោនម្នាក់ឈ្មោះ មឿន វណ្ណា បានស្លាប់ដោយសារត្រូវរន្ទះបាញ់ ពេលចុះបំពេញភារៈកិច្ចថតកុនឲ្យផលិតកម្ម នៅភ្នំបាសិទ្ធ កាលពីម្សិលមិញ ។
មុននេះបន្តិចអ្នកនាង ឆយី បានបង្ហោះសារដ៏ក្រៀមក្រំផងដែរថា បងវណ្ណា ខ្ញុំអត់ចង់ជឿថាបងទៅចោល ក្រុមការងារយើងទេ ហេតុអីមនុស្សល្អ មនុស្សស្លូតបូត ចរិកល្អ ការងារល្អ ដូចបងគេមិនអោយនៅបានយូរចឹង ទោះបី ពួកយើងធ្វើការជាមួយគ្នាមិនបានយូរមែន តែមនុស្សបងគួរអោយគោរព នឹងគួរអោយរាប់អានណាស់ ខ្ញុំទទួលយកស្ទើរតែមិនបានបងអើយ សូមអោយបងទៅកាន់ពិភពមួយដ៏ល្អ បើមានជាតិក្រោយមែន សុំអោយបងកើតមកអាយុវែង នឹងល្អជាងនេះណាបង RIP។
ចំណេកឯកញ្ញា នៅ សូនីតា វិញបានបង្ហោះសារក្រៀមក្រំផងដែរថា «ខ្ញុំពិតជាមិននឹកស្មានថាបងទៅចោលពួកខ្ញុំលឿនយ៉ាងនេះសោះ បងជាមនុស្ស ស្លូតត្រង់ គួរអោយគោរពណាស់មិនដែលចេះរអ៊ូ រឺក៏មាត់កអីទេហេតុអីមនុស្សល្អទៅលឿនយ៉ាងនេះ» សូមអោយបងបានទៅកាន់សុគតិភព បងទៅបានសុខហើយ ផុតកម្មហើយ My best camera man។
គួរបញ្ជាក់ផងដែរថា មួយរយៈនេះឃើញថា រន្ទះបាញ់សម្លាប់ទាំងសត្វ ទាំងមនុស្សអស់ជាច្រើនមកហើយ ៕ វណ្ណះ