ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហម តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៥ បានដឹកនាំសមាជិក សមាជិកាចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺចំនួន៣៤៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។
បើយោងតាមរបាយការណ៍របស់លោក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលាបានឲ្យដឹងថា មន្ទីរពេទ្យព្រះកេតុមាលាគឺជាមន្ទីរពេទ្យមួយដែលមានវ័យចំណាស់ជាងគេនៅកម្ពុជាដែលបានកកើតឡើងតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ។ចាប់តាំងពីឆ្នាំ១៩៧៩មក មន្ទីរពេទ្យមួយនេះបានប្រែក្លាយជាមន្ទីរពេទ្យកងទ័ពដែលបានចាប់ផ្តើមដោយបាតដៃទទេរ ខ្វះខាតសព្វបែបយ៉ាង ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសម្ភារះជាដើម។
បើតាមលោក លី សុវណ្ណ បន្ទាប់ពីមានការយកចិត្តទុកដាក់របស់ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍន៍ជាលំដាប់ ដែលរហូតមកដល់បច្ចុប្បន្នមានបុគ្គលិកចំនួន១០២៩នាក់ ដែលក្នុងនោះមានវេជ្ជបណ្ឌិតចំនួន២៨០នាក់ ឱសថឧត្តម៩នាក់ ទន្តបណ្ឌិត៦នាក់ ឆ្មប និងគិលានុប្បដ្ឋាន៥៩៦នាក់។ ជំនាញឯកទេសនាំមុខគេសំខាន់ៗរួមមាន ជំងឺបេះដូង វះកាត់ខួរក្បាល ឆ្អឹងខ្នង វះកាត់ឆ្អឹងបាក់ វះកាត់តម្រងនោម និងផ្នែកលាងឈាម។ល។
ចំពោះយោធិនដែលកំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៤៦នាក់ ដែលមានជំងឺផ្សេងៗពីគ្នា។ នៅក្នុងឱកាសនោះលោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ដោយពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដល់អ្នកជំងឺទាំងអស់ ព្រមទាំងបុគ្គលិកដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាផងដែរ។
លោកជំទាវបញ្ជាក់ថា សកម្មភាពនាពេលនេះគឺជាការរួមចំណែកពីមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិដែលបានចូលរួមនូវសកម្មភាពមនុស្សធម៌ និងសិល្បះនៃការចែករំលែកជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា រាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគឺជានិច្ចជាការតែងតែទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានមិនថា ស៊ីវិល មន្ត្រី ឬកងទ័ពប្រដាប់អាវុធនោះឡើយ។
កាកបាទក្រហមកម្ពុជា តែងតែដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗនៅគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោនាយអ្វីឡើយ។ ជំនួសមុខឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវអនុប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងអណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបម្រើការនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាទាំងអស់ដែលបានខិតខំព្យាបាលយោធិនដែលមានរបួស និងមានជំងឺផ្សេងៗ។
គួរបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជានាំមកចែកជូនអ្នកជំងឺចំនួន៣៤៦នាក់នៅមន្ទីរពេទ្យព្រះកេតុមាលានាពេលនេះដោយម្នាក់ៗទទួលបាន មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោខាប់៥កំប៉ុង ប្រេងកូឡា២ដប ឃីត(សារុង ក្រមា មុង ភួយ)១ឃីត និងថវិកាចំនួន១០ម៉ឺនរៀល។
ចំពោះមន្ត្រីបុគ្គលិក កម្មករចំនួន៧៧៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកាចំនួន៥ម៉ឺនរៀល។ ដោយឡែកសម្រាប់អំណោយពីក្រសួងការពារជាតិជូនដល់កាកបាទក្រហមកម្ពុជាតាមរយះសម្តេចប្រធាននូវអង្ករចំនួន៥តោន និងថវិកាចំនួន៣លានរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យព្រះកេតុមាលាជាអ្នកចាត់ចែង៕
ដោយ៖ ស ដារ៉ា