ខេត្តប៉ៃលិន ៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីស្និតនិងសាខាគយខេត្តប៉ៃលិនជាប់ព្រំដែនកម្ពុជា-ថៃបានប្រាប់ឱ្យដឹងថា ការរកចំណូលពន្ធគយរបស់សាខាគយខេត្តប៉ៃលិនរយៈពេល៣០ថ្ងៃចុងក្រោយនេះគឺក្នុងខែមេសា ឆ្នាំ២០១៧ មានការធ្លាក់ចុះជាខ្លាំងនៅក្រោមផែនការ របស់ថ្នាក់លើបានកំណត់ដោយ រកចំណូលបានត្រឹមតែជាង៣ពាន់លានរៀលប៉ុណ្ណោះ ក្នុងផែនការត្រូវរកចំណូលមិនឱ្យក្រោម៨ពាន់លានរៀលនោះឡើយ។ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិនបែបនេះភ្លាម ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថាគឺការប្រមូលពន្ធគយប្រចាំខែឧសភា ឆ្នាំ២០១៧នេះ គេសន្និដ្ឋានថានិងបន្តធ្លាក់ចុះបន្ថែមទៀត។ការធ្លាក់ចុះពន្ធគយខេត្តប៉ៃលិនគេមើលឃើញថាមេគយ២នាក់ថ្មី ទើបមកកាន់តំណែងជាមេគយសាខាខេត្តគឺ លោក សំ សុវណ្ណារិទ្ធ និងលោក ទី ប៊ុនឡង់មេគយជាប្រធានការិយាល័យរកចំណូលពន្ធនៅមាត់ច្រកអន្តរជាតិព្រំ ដែលជាអ្នកទទួលការខុសត្រូវចំពោះមុខថ្នាក់ លើ។ទន្ទឹមការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិនគួរឱ្យព្រួយបារម្ភបែបនេះខណៈដែលមានសេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឱ្យដឹងថាទំនិញឆ្លងកាត់់គ្រប់ប្រភេទនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បាននាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានសកម្មភាពយ៉ាងផុសផុល ហាក់បីដូចជាគ្មានការថយចុះនោះឡើយ។ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិនគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។
មេគយថ្មី២រូបខេត្តប៉ៃលិនដែលមានការទទួលខុសត្រូវលើបញ្ហានេះហាក់ព្យាយាមគេចវេសមិនឆ្លើយបកស្រាយឱ្យបានក្បោះក្បាយជាមួយអ្នកសារព័ត៌មានជុំវិញការធ្លាក់ចុះចំណូលពន្ធគយនេះទេ ។ ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិននោះដែរក៏ត្រូវគេមើលឃើញថាបានបង្កឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែបានជម្រុញនិងដាក់ផែនការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើយ៉ាងណាត្រូវតែខិតខំប្រមូលពន្ធគយឱ្យមានការកើនឡើងជានិច្ច ។ពីព្រោះថាការបើកនិងតំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងការកសាងអភិវឌ្ឍប្រទេសក៏បានពឹងផ្អែកមួយផ្នែកធំទៅលើថវិកាពីការរកចំណូលពន្ធគយនោះផង ។
មេគយថ្មី២នាក់ខាងលើ ទើបជំនួសមេគយខេត្តប៉ៃលិនចាស់ លោក ទំ ណូ និង លោក រិទ្ធគង់ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ។
ប្រភពព័ត៌មានពីមន្រ្តីស្និតនិងគយខេត្តប៉ៃលិន ឱ្យដឹងទៀតថា ការរកចំណូលពន្ធគយជំនាន់លោកទំ ណូ អតីតប្រធានសាខាគយខេត្តប៉ៃលិនដែលរងការដកហូតតំណែង និង លោក រិទ្ធ គង់ អតីតប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ ប្រមូលពន្ធបានលើសផែនការ។រកបានចំណូលពន្ធមួយខែពី៦ពាន់លានរៀលទៅជាង៧ពាន់លានរៀល គ្រា ដែលផែនការថ្នាក់លើកំណត់គឺ៥ពាន់លានរៀល។
ដោយឡែកបើប្រៀបធៀបក្នុងតំណាក់កាលការដឹកនាំរកចំណូលពន្ធគយរបស់ លោក សំ សុវណ្ណារិទ្ធ និងលោក ទី ប៊ុនឡង់ នាពេលបច្ចុប្បន្នរយៈពេល៣០ថ្ងៃ ក្រោយចូលកាន់តំណែងមេគយខេត្តប៉ៃលិន គឺផែនការថ្នាក់លើឱ្យរកចំណូល១ខែយ៉ាងហោចណាស់មិនឱ្យក្រោម៨ពាន់លានរៀលនោះទេ ប៉ុន្តែសម្រាប់ខែមេសា ឆ្នាំ២០១៧ ចំណូលពន្ធគយខេត្តប៉ៃលិន បានត្រឹមតែជាង៣ពាន់លានរៀលប៉ុណ្ណោះ។
ការនាំឱ្យមានការធ្លាក់ចុះចំណូលពន្ធគយនៅខេត្តប៉ៃលិន ត្រូវបានប្រភពទម្លាយថា មេគយថ្មីទាំង២ខាងលើទំនងជាខ្វះសមត្ថភាពនៃការរកចំណូលពន្ធគយចូលរដ្ឋ មួយវិញទៀតគេដាក់ការសង្ស័យខ្លាចក្រែងការប្រមូលពន្ធមិនបានគ្រប់ បណ្តែតបណ្តោយឱ្យមានការត់ពន្ធខុសច្បាប់ច្រើន និងមានការឃុបឃិតជាមួយឈ្មួញ ដោយទំនិញពន្ធជាប់អត្រាពន្ធខ្ពស់ បន្លំជាវាយពន្ធទំនិញជាប់អត្រាពន្ធទាបទៅវិញ។
ពាក់ព័ន្ធបញ្ហានេះ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិនបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ហាក់បីដូចជាមានភាពលាក់លៀមថារបាណ៍ការខាងលើដែលអ្នកសារព័ត៌មានទទួលបាននោះមិនពិតនោះឡើយ គឺមានន័យថាលោកច្រានចោលទាំងស្រុង។លោកក៏មិនបានប្រាប់ពីមូហេតុនៃការធ្លាក់ចុះចំណូលពន្ធ រឺការកើនឡើងចំណូលពន្ធនោះទេ គ្រាន់តែនិយាយយ៉ាងខ្លីជាប់រវល់បើករថយន្តទៅប្រជុំនៅភ្នំពេញហើយក៏បិទទូរស័ព្ទបាត់។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកយកព័ត៌មានបានព្យាយាមទំនាក់ទំនង លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនតាមទូរស័ព្ទប៉ុន្តែទូរស័ព្ទលោកហៅចូលគ្មានការឆ្លើយតបកាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។
សូមរំលឹកថា នៅក្នុងឱកាសប្រកាសតែងតាំងលោក សំ សុវណ្ណារិទ្ធ ជាប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់មេគយប្រធានការិល័យរកចំណូលពន្ធនៅមាត់ច្រកអន្តរជាតិព្រំ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ លោក ហ៊ីវ គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានលើកឡើងនិងជម្រុញឱ្យលោកប្រធានសាគយនិងរដ្ឋាករថ្មីប្រចាំខេត្តប៉ៃលិន ត្រូវប្រឹងប្រែងរកចំណូលពន្ធចូលរដ្ឋឱ្យបានគ្រប់ផែនការរឺឱ្យលើសផែនការ មិនមែនមកបំពេញកិច្ចការងារឱ្យខ្វះផែនការនៃការប្រមូលពន្ធចូលរដ្ឋនោះឡើយ។នៅពេលនោះលោកអគ្គនាយករងក៏បានប្រមានទៀតថាបើលោកទាំង២នាក់រកចំណូលពន្ធគយមិនបានតាមផែនការថ្នាក់លើនោះទេ និងរងការប្រមានដកតំណែងផងដែរ ៕ សំ វិច្ឆិកា













