ខេត្តកំពង់ស្ពឺ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការ កិច្ចតំណាងសម្ដេច កិតិ្ដព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាបានបញ្ជាក់ថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌ សង្គមឲ្យមនុស្សគ្រប់រូបដើរតាមផ្លូវ ល្អ ។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ ត្រូវចូលរួម បំពេញកុសលទាំងឡាយដើម្បី ជាគុណប្រយោជន៍ដល់ការថែរក្សាការពារសេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើង រុងរឿង សម្បូណ៌ សប្បាយផង ។
លោកស្រីបញ្ជាក់បែបនេះ ខណៈ លោក ស្រីចូលរួម បញ្ចុះបឋមសិលាកសាង ចូឡាមណីចេតិយសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ឧទ្យានជាតិគិរីរម្យ កាលពីថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអនបានបន្តថា យើង រៀបចំបញ្ចុះបឋមសិលាកសាងចូឡាមណី ចេតិយសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ឧទ្យានជាតិគិរីរម្យ នៅលើភ្នំគិរីរម្យ ខេត្ដកំពង់ស្ពឺ នាពេលនេះគឺស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ តែនៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។
លោកស្រីបានអំពាវនាវដល់ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំង ឡាយដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សាការពារ សេចក្តីសុខសន្តិភាពស្ថិរភាព សាមគ្គីភាពក្តីសង្ឃឹមលើកស្ទួយការកសាង ជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូណ៌សប្បាយ ។
លោកស្រីបានបញ្ជាក់ថា ការពង្រឹង គុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃត្រូវផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនាជាប្រការសំខាន់បំផុត ។ តាម រយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិយើង ទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួមចំណែកថែរក្សាការពារវប្បធម៌ ប្រពៃណី ជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជា អត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រីកពង្រឹងពីទីក្រុង រហូតដល់ជនបទ។
ធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈ មណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបញ្ជាក់ថា ចាប់ពីពេលនេះទៅជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យក ព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការ លោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើ ហិង្សាជាដើម ។
លោកស្រីក៏បានថ្លែងនូវការសរសើរ ចំពោះពុទ្ធសាសនាទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រតិបត្តិខ្លួនឯងផង ជួយអប់រំ ពុទ្ធបរិស័ទសមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដកដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធផង ។ ទន្ទឹមនេះជនរួមជាតិខិតខំសម្អាតកាយវាចាជម្រះនូវសេចក្តីសៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរី ពហុបក្សតាមគោលការណ៍នីតិរដ្ឋ ។
លោកស្រីបានបន្ថែមថា តាមរយៈការរីកចម្រើនលើវិស័យសាសនារហូតមកដល់ បច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តចំនួន ៤.៧៥៥វត្តនិងមានព្រះសង្ឃដល់ទៅ៥៩ .៥១៦អង្គ ក្នុងនោះមានគណៈមហានិកាយមាន៤.៥៥១វត្ត ព្រះសង្ឃមាន៥៤.៧ ៦២អង្គ និងគណៈធម្ម យុត្តិកនិកាយមាន ២០៤វត្តព្រះសង្ឃមាន៤.៧៥៤អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញបានបណ្តុះ បណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យថ្នាក់ពុទ្ធិកបឋមសិក្សារហូតដល់ថ្នាក់ឧត្តម សិក្សា ។
មកទល់ពេលនេះមានពុទ្ធិក សាកលវិទ្យាល័យចំនួន៣ គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម ។ ក្រៅពី នេះក្រសួង ធម្មការ ក៏នៅមាន សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមួយចំនួនទៀត គឺពុទ្ធិកមហាវិទ្យាល័យខេត្តកំពង់ឆ្នាំង ,កំពង់ស្ពឺ និងពុទ្ធិកមហាវិទ្យាល័យខេត្តបាត់ដំបង ។
ក្រៅពីការយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋវិស័យ ពាហិរសាសនាក៏ត្រូវបានយកចិត្តទុកដាក់ធ្វើឱ្យមានសុខដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា ៕ សំរិត
















