ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រាបករណី រក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងក្រុងសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការបន្ត។
ហេតុការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១៩ និង ៣០នាទីយប់ ថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិវត្តដំណាក់ សង្កាត់សាលាកំរេីក ក្រុង ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមាន៖ឈ្មោះ ស៊ិន សារុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ធុកៗ មានទីលំនៅភូមិស្វាយជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
បន្ទាប់ពីបានឃាត់ខ្លួនកម្លាំងជំនាញបានឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ម្សៅគ្រើម ម៉ាទឹកកកចំនួន៩កញ្ចប់ ស្មើនឹងទម្ងន់ ៨,៨០ក្រាម ,ជញ្ជីថ្លឹងគ្រឿងញៀន ចំនួន ១ គ្រឿង, ទូរសព្ទ័ ចំនួន ១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី












