អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា នឹងពិនិត្យការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា នឹងពិនិត្យការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្តទឹកជិតមួយម៉ឺនដុល្លារអាមេរិក ។

ការលើកឡើងនេះ បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីដើមបណ្ដឹង ដែលអះអាងថា ការសម្រេចនេះ មានភាពមិនប្រក្រតី ហើយអាចបង្កប់អំពើពុករលួយ ដែលដើមបណ្ដឹង ថា នឹងដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជួយស៊ើបអង្កេតករណីនេះ ។

លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹងអះអាងថា លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ ខែឧសភា សម្រេចដោះលែងស្ត្រីឈ្មោះ អៀត សារឹម ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺ ផ្ទុយពីការសម្រេចរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលពុំដោះលែងស្ត្រីឈ្មោះ អៀត សារឹម ។

មុនការសម្រេចដោះលែងនេះ គឺ កើតមានភាពមិនប្រក្រតីមួយចំនួន ដែលដើមបណ្ដឹងសង្ស័យថា អាចបង្កប់អំពើពុករលួយ ។

លោកស្រី សោភ័ណ្ឌ បន្តថា លោកស្រីគង់ លាងជូ ជាមេធាវីការពារស្ត្រីឈ្មោះ អៀត សារឹម ធ្លាប់និយាយថា នឹងជួយសម្រួលឲ្យមានការដោះស្រាយសំណង ។ ប៉ុន្ដែពេលនេះ បានត្រឹមតែជាការសន្យាខ្យល់ ពោលគឺ មនុស្សត្រូវបានដោះលែង រីឯសំណងមួយរៀលក៏ពុំបានទទួល ។

មិនតែប៉ុណ្ណោះ សូម្បីតែពេលសវនាការ និង ការសម្រេចដោះលែងនេះ គឺ ដើមបណ្ដឹងពុំបានដឹងឡើយ នេះបានមន្ត្រីសាលាដំបូងខេត្តកណ្ដាល វិញទេ ដែលមានការភ្ញាក់ផ្អើលពេលឃើញដីកាដោះលែងមនុស្សចំថ្ងៃទី១០ ខែឧសភា ត្រូវថ្ងៃបុណ្យវិសាខបូជា ទើបមន្ត្រីតុលាការខេត្តកណ្ដាល ពុំទទួលយកដីកាសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយជំនួយការរបស់លោកស្រីមេធាវី គង់ លាងជូ ត្រឡប់ទៅវិញ ។

ឆ្លើយតបការលើកឡើងនេះ លោកស្រីមេធាវី គង់ លាងជូ អះអាងថា លោកស្រីធ្វើតែតាមនីតិវិធីប៉ុណ្ណោះ ។

ពាក់ព័ន្ធករណីនេះ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ ថ្លែងតាមបណ្ដាញសង្គម Telegram ថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺឈរលើមូលដ្ឋានច្បាប់ ។ ប្រសិនបើមានភាពមិនប្រក្រតីណាមួយទាក់ទងនឹងទិដ្ឋភាពច្បាប់ ឬ ករណីពុករលួយណាមួយ សូមផ្តល់ព័ត៌មានដោយភ្ជាប់នូវសក្ខីកម្មទៅស្ថាប័នមានសមត្ថកិច្ចដែលរួមមាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង អង្គភាពប្រឆាំងអំពើពុករលួយ ។លោក គឹម សន្តិភាព អះអាងថា នឹងពិនិត្យព័ត៌មាននេះ ៕ ដោយ៖ចេស្តា

...

b10b3b36-8e22-466f-bb8c-4469363a0cf6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print