ភ្នំពេញ៖ Century 21 Cambodia និង Century 21 China បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្នារវាងក្រុមហ៊ុនទាំងពីរ សំរាប់ការការបង្កើតទីផ្សារ និង លក់គម្រោងខុនដូលំដាប់អន្តរជាតិនៅប្រទេសចិន។
លោក Seraj Sutton, ដែលជានាយកប្រតិបត្តិ របស់ Century 21 Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនយើងសង្កេតឃើញថា វិស័យអចលនៈទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុង រយៈពេល ១២ ខែចុងក្រោយនេះ ហើយការរីកចម្រើននេះបានបង្កើតឳកាសជាច្រើន ក្នុងការពង្រីកទីផ្សារអោយកាន់តែធំជាងមុន សំរាប់ អ្នកវិនិយោគពីប្រទេសដ៏ទៃទៀតក្នុងតំបន់ ជាពិសេស ប្រទេសចិន។ លោក Seraj Sutton បានបកស្រាយថា ចក្ខុវិស័យជាសកលដែលជាផ្នែកមួយនៃគោលបំណងក្នុងការធ្វើអោយអាជីវកម្មអន្តរជាតិកាន់តែល្អប្រសើរ គឺចាំបាច់សំរាប់ Century 21 Cambodia ដើម្បីអាចធ្វើអោយអាជីវកម្មរបស់ខ្លួន ឈានទៅមុខបានក្នុង ទីផ្សារ អចលនៈទ្រព្យនេះ។ ចក្ខុវិស័យនេះ នឹងក្លាយទៅជាកម្លាំងជំរុញមួយ ដែលលើកទឹកចិត្តពួកគេក្នុងការបង្កើត កិច្ចសហការ និង អាជីវកម្មសកល។លោកបន្តទៀតថា “ ដូច្នេះ យើងនឹងផ្សព្វផ្សាយគម្រោងនានាក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ទៅដល់បណ្តាអ្នកវិនិយោគក្រៅប្រទេស តាមរយៈ ការធ្វើដំនើរ ការបង្កើតទំនាក់ទំនង និង ការបង្កើតបណ្តាញ ដើម្បីជួយសម្រួល ការលក់។” លោកថាយើងមានសេចក្តីរំភើបរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ Century 21 China ដែលនេះជាហេដ្ឋារចនាសម្ព័ន្ធ នៃការលក់ និង បង្កើតទីផ្សារយ៉ាងធំទូលាយ ក្នុងប្រទេសចិន ជាមួយនឹង 1,340 ការិយាល័យ និង ភ្នាក់ងារអចលនៈទ្រព្យអាជីព ជាង 16,000 នាក់ ក្នុង 42 ទីក្រុង។
ចំពោះកិច្ចសហការអន្តរជាតិ Century 21 Cambodia មានបំណងប្រើប្រាស់នូវអានុភាពនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិរបស់ Century 21 នៅក្នុងប្រទេសចិនដែលជាផ្នែកមួយនៃការគាំទ្រជាសកល ។
លោក Seraj Sutton បានកត់សំគាល់ថា អ្នកវិនិយោគជាច្រើនក្នុង ពិភពលោក រួមទាំង ប្រទេសកម្ពុជា និង ប្រទេសចិន កំពុងតែសំលឹងរកមើល ការវិនិយោគក្នុងបែបបទផ្សេងៗ ហើយនេះជាហេតុផល ដែល Century 21 Cambodia ធ្វើការរៀបចំ, ស្នើសុំ, អនុវត្ត និង សម្របសម្រួល នូវ រចនាសម្ព័ន្ធចរន្តទៅវិញទៅមក ដែលអ្នកវិនិយោគអចលនៈទ្រព្យ ចិន និង កម្ពុជា អាចវិនិយោគលើគម្រោងក្រៅប្រទេស និង អ្នកវិនិយោគបរទេសក៏អាចវិនិយោគក្នុង ប្រទេស ចិន និង ប្រទេសកម្ពុជាវិញផងដែរ, ហើយអ្នកវិនិយោគបរទេស ក៏អាចវិនិយោគដូចគ្នាលើគំរោងនានា នៅប្រទេសផ្សេងៗ ទាំងក្នុង និង ក្រៅតំបន់ ។
លោក Seraj Sutton មានប្រសាសន៍នៅទីបញ្ចប់ថា “ ពួកយើងជឿជាក់ថា ចំពោះកិច្ចសហការ លក់ និង បង្កើតទីផ្សារ អចលនៈទ្រព្យ ជាមួយនឹង Century 21 China នឹងនាំមកនូវជោគជ័យយ៉ាងធំសម្បើម សំរាប់ភាគីទាំងសងខាង”៕ វឌ្ឍនា