ខេត្តកណ្តាល ៖ ស្គាល់គ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក) មិនទាន់បានកន្លះខែស្រួលបួលផង សម្រេចចិត្តយល់ព្រមធ្វើជាសង្សារនឹងគ្នា រហូតជនសង្ស័យប្រើល្បិចឆបោកបន្ត យកម៉ូតូទៅបាត់ ទុកឲ្យខាង ស្រីអង្គុយរង់ចាំនៅក្នុងហាងកាហ្វេតែម្នាក់ឯង ។ ករណីឆបោកនេះបានកើតឡើងនៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ។
នារីរងគ្រោះឈ្មោះ ស៊ាវ ស្រីនាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ ហេង វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងកាត់សក់ ។
តាមដំណើររឿងបានឲ្យដឹងថា នារីរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) ប្រមាណកន្លះខែ ។ ជនសង្ស័យប្រើល្បិចថា ខ្លួនគឺជាអ្នករកស៊ីលក់ដូរគ្រឿងអាហារសមុទ្រនៅកំពង់ សោម និងគ្មានប្រពន្ធកូនទេ ។ លុះក្រោយមកធ្វើឲ្យនារីរងគ្រោះលង់ជឿសម្តីរហូតយល់ ព្រមធ្វើជាសង្សារនិងគ្នាតែម្ដងទៅ ។
ដំណើររឿងបន្តថា លុះមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានសុំមកលេងផ្ទះ ដោយបាន ទិញមឹក បង្គា ត្របែល យកមកធ្វើអាហារហូបជួបជុំជាមួយក្រុមគ្រួសារនារីរងគ្រោះ រួចក៏ត្រឡប់ទៅផ្ទះវិញ ។ បន្ទាប់មកទៀតនៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានមកលេងនារីរងគ្រោះម្ដងទៀត ដោយណាត់ជួបគ្នាដើរលេងនៅចំណុចវត្តកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។ នារីរងគ្រោះធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១០ រួចឈៀងចូលទៅលេងផ្ទះឈ្មោះ ចាន់ថន ហៅ រស្មី ត្រូវជាមេជាងសម្អាងការរបស់នារីរងគ្រោះ នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។ខណៈនោះជនសង្ស័យឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ របស់ឈ្មោះ ចាន់ថន ហៅ រស្មី ក៏បានប្រើល្បិចកុហកសង្សារខ្លួនឈ្មោះ ស្រី នាងថា ខ្លួនមានការរវល់ត្រូវប្រញាប់ទៅភ្នំពេញវិញ ក៏បានឲ្យនារីរងគ្រោះខ្ចីម៉ូតូជិះដោយយកលេសថាម៉ូតូមានកញ្ចក់ត្រឹមត្រូវ ងាយស្រួលជិះចូលក្រុងភ្នំពេញ ។ នៅពេលដល់ ភ្នំពេញជនសង្ស័យក៏បានប្រើល្បិចកុហកនារីរងគ្រោះទៀតថា ខ្លួនត្រូវការជិះម៉ូតូទៅយកឥវ៉ាន់គេផ្ញើមក ដោយ ទុកឲ្យឈ្មោះស្រី នាង អង្គុយរង់ចាំនៅក្នុងហាងកាហ្វេមួយកន្លែង ក្បែរវិមានឯករាជ្យ រួចក៏បាត់រហូតមិនឃើញ ត្រឡប់មកវិញ ។
ដោយនារីរងគ្រោះរង់ចាំយូរពេក ទំនាក់ទំនងពុំបានក៏ត្រឡប់មកផ្ទះវិញ ។ រហូតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទី សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញស្រុកកោះធំ រួមនិងក្រុមគ្រួសារនារីរងគ្រោះបានស្រាវជ្រាវរហូតទទួលបានពត៌មានថា ជនសង្ស័យរស់នៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល កម្លាំងជំនាញបានសហការជាមួយនគរបាលស្រុកស្អាង ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វិសាល តែម្ដង និង បានដកហូតម៉ូតូដែលជនសង្ស័យឆបោកយកមកវិញ ។ ប៉ុន្តែម៉ូតូនោះជនសង្ស័យបានកាច់ស្លាកលេខចោល រួចឡើងតែមស៊េរីឆ្នាំ២០១៥ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ហេង វិសាល បានសារភាពថា ខ្លួនពិតជាបានឆបោកយកម៉ូតូបស់ឈ្មោះ ស៊ាវ ស្រីនាង ដែលខ្ចីពីគេនោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ហេង វិសាល និងវត្ថុតាងម៉ូតូ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស្អាងជ័យ