ភ្នំពេញ ៖ ភាពយន្តខ្លី”រសជាតិអាហ្មុក” ថតនៅកម្ពុជាដែលជាស្នាដៃផលិតដោយក្រុមនិស្សិតសិក្សានៅប្រទេសចិន នោះបានបញ្ចប់ការផលិតហើយកាលពីពេលថ្មីៗ។ ភាពយន្តនេះបានប្រើប្រាស់តួសម្តែងជាជនជាតិខ្មែរជាច្រើននាក់ ដែលតួអង្គទាំងអស់បូរករួមទាំងតួសំខាន់ៗសុទ្ធតែមិនធ្លាប់ឆ្លងការសម្តែងម្តងណានោះទេ។
លោក សឹង្ហសុវណ្ណ វ័យ២៧ ឆ្នាំដែលជាតួឯកប្រុសនៅក្នុងភាពយន្តខ្លីនេះបានបង្ហាញពីអារម្មណ៍រំភើបក្រោយពីទទួលបានដំណឹងនៃការជ្រើសរើសលោកឲ្យចូលរួមសម្តែងក្នុងភាពយន្តខ្លីរឿង”រសជាតិអាហ្មុក”។ លោកថាវាគឺជារឿងចៃដន្យដែលលោកទទួលបានការអញ្ជើញឲ្យចូលរួមសម្តែងគ្រាដែលកន្លងមកលោកមិនធ្លាប់បានចូលរួមសម្តែងម្តងណាសោះនោះ។
លោកថា លោកគឺជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនមួយហើយបានជួបអ្នកដឹកនាំផលិតដោយចៃដន្យ ហើយផលិតករលោក ស៊ិប ស៊ីណាប៉ាន់ស្នើឲ្យលោកនិងភរិយាចូលរួមសម្តែង។ លោកបានចំណាយពេលប្រមាណ១២ថ្ងៃដើម្បីសម្តែងភាពយន្តនេះ។អ្វីដែលលោកត្រូវធ្វើគឺត្រូវសម្តែងទាំងកាយវិកា ទឹកមុខ អារម្មណ៍ឲ្យត្រូវតាមសាច់រឿង។ ជារឿងដែលមានទាំងទិដ្ឋភាពបែបបុរាណនិងសម័យលោកថាមានឈុតឆាកជាច្រើនដែលត្រូវសម្តែងពិសេសលឈុតឆាកនៅលើទឹក គឺការសេសាទក្រពើ និងឈុតឆាកវាយតប់បែបក្បាច់គុណជាដើម។
អ្នកនាង ឯក សុណ្ណម៉ុន្នីអាយុ២២ឆ្នាំដែលជាភរិយាថ្លែងស្រដៀងគ្នាដែរថាមិនធ្លាប់បានហ្វឹកហាត់សម្តែងសោះស្រាប់តែផលិតករបានអញ្ជើញឲ្យនាងចូលរួមថត។ អាជីករលក់ដូរបន្លែនៅតំបន់ផ្សារសូរិយារូបនេះបន្តថា នាងសម្តែងជាតួឯកឈ្មោះ ដែលមានអត្តចរិកសុភាព រាបសាបែបជាស្ត្រីខ្មែរ។ នាងថា មានបញ្ហាលំបាកមួយចំនួនដែលនាងប្រឈមគ្រាដែលនាងមិនធ្លាប់ឈរពីមុខកាំមេរ៉ាសោះនោះ។ នាងថាដំបូងពិបាកបន្តិចក្នុងការសម្តែង និងលេងទឹកមុខឲ្យត្រូវនឹងសាច់រឿង ប៉ុន្តែក្រោយពីស្តាប់ការពន្យល់ និងស្វែងយល់ពីសាច់រឿងបានច្រើនទើបនាងអាចសម្តែងបានច្រើនគួរសម។ ទោះមិនជាយ៉ាងណានាងនៅតែរំពឹងខ្ពស់ដែរថា ភាពយន្តដែលនាងបានសម្តែងនឹងទទួលបានការគាំទ្រ និងពេញចិត្តពីអ្នកទស្សនា។ អ្វីដែលជាមោទនភាពសម្រាប់ការសម្តែងភាពយន្តលើកដំបូងគឺភាពយន្តនាងនឹងត្រូវយកទៅធ្វើការប្រកួតប្រជែងជាមួយនឹងភាពយន្តជាច្រើនទៀតនៅទីក្រុងប៉េកាំងប្រទេសចិន។
គួរបញ្ជាក់ដែរថាស៊ិបស៊ីណាប៉ាន់គឺជានិស្សិតជនជាតិខ្មែរដំបូងដែលសិក្សារលើជំនាញផលិតភាពយន្តនៅប្រទេសចិន។លោកបានធ្វើដំណើរមកដល់កម្ពុជាកាលពីដើមខែមេសាជាមួយក្រុមនិស្សិតជនជាតិជប៉ុននិងចិនដើម្បីផលិតភាពយន្តខ្លី”រសជាតិអាហ្មុក”ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រុមការងារបុផ្ផាណាផងដែរ។ភាពយន្តដែលមានរយៈពេលចន្លោះពី ៣០ទៅ៤៥នាទីនេះនឹងវាស់ស្ទង់សមត្ថភាពរបស់ពួកគេផងដែរមុនពេលពួកគេចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះ ៕ វឌ្ឍនា