ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបានបញ្ជូនចោរ ឆក់កាបូបតាមផ្លូវសាធារណម្នាក់បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតរកឃើញថាជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងរបស់ប្រជាពលរដ្ឋបានសម្រេចកាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំណុចទល់មុខក្រុមហ៊ុនស្រាសាច់ដុំ ស្ថិតក្នុងផ្ទះលេខ១៦៩ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន មកនោះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានមានប្រសាសន៍ ឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ដែលមិនបានមកដាក់ពាក្យបណ្ដឹង លោកក៏បានចាត់កម្លាំងដើម្បីបើកការស្រាវជ្រាវតាំងពីថ្ងៃទី១១ ឧសភាកន្លងមករហូតឈានទៅដល់ការឃាត់ខ្លួនសង្ស័យជាចោរឆក់ឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ខាងលើនេះបាននៅរសៀលថ្ងៃទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខក្រុមហ៊នស៊ុយហ្ស៊ុយគី លើកំណាត់ផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ជាមួយនេះដែរសមត្ថកិច្ចរបស់លោកដកហូតបានវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាកហុងដាXR ពណ៌ក្រហម ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ១GG-០៦៣៧ ដែលជាមធ្យោធ្វើសកម្មភាពរបស់ជនសង្ស័យ ដើម្បីនាំមកសាកសួរយកចម្លើយ និងបន្តបញ្ជូនខ្លួនទៅអនុវត្តច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញតែម្តង៕ ប្រាថ្នា










