ភ្នំពេញ ៖ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅក្នុងពិធីបើកសម្ពោធការដ្ឋាន ឈូស ឆាយស្ថាបនាជាផ្លូវបេតុង ជូនប្រជាពលរដ្ឋប្រើប្រាស់នៅ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បានសំណូមពរប្រជាពលរដ្ឋ អំពីការប្រមូលរៀបចំទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ ចៀសវាងផលប៉ះពាល់ផ្សេងៗ ។
លោក ប៉ឹល កុសល មានប្រសាសន៍បន្តថា ចំពោះសំរាម នៅពេលបងប្អូនយកទៅបោះចោល គឺត្រូវបោះចោលកន្លែង ដែលបានកំណត់ និងមានពេលវេលាត្រឹមត្រូវ ដើម្បីឲ្យខាងបុគ្គលិក ក្រុមហ៊ុន ស៊ិន ទ្រី ប្រមូលយកទៅបោះចោលនៅទីលានចាក់សំរាមជើងឯក ខណ្ឌដង្កោ ។ សម្រាប់បញ្ហារឿងសំរាមនេះ សូមបងប្អូនកុំទុក បោះចោល ពាសវាលពាសកាល ឬ ដាក់ចោលក្បែរមាត់លូ ពីព្រោះនៅពេលភ្លៀងធ្លាក់មក សំរាមទាំងនោះហូរចូលទៅក្នុងលូ បណ្តាលឲ្យស្ទះលូ ហើយនៅពេលដែលមានការស្ទះលូនោះ គឺប្រាកដជាបងប្អូនស្តីបន្ទោស ថា អាជ្ញាធរមិនយកចិត្តទុកដាក់ ទើបបណ្តាលឲ្យមានការស្ទះលូបែបនេះ ។ រាល់បញ្ហាទាំងអស់នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ថែរក្សាអនាម័យ និងរៀបចំទុកដាក់សំរាមតាមកន្លែងកំណត់ឲ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់ផ្សេងៗ ។
ជាមួយគ្នានេះដែរលោក ប៉ឹល កុសល ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរៀបចំ ឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នឹងត្រូវបោះជូនគណបក្សណា ដែលខ្លួនពេញចិត្ត ។
សូមបញ្ជាក់ឲ្យដឹងថា ផ្លូវដែលសម្ពោធបើកការដ្ឋានឈូសឆាយ ស្ថាបនាជាផ្លូវបេតុងពេលនេះមាន ប្រវែងបណ្តោយ ២០៥ម៉ែត្រ និងទទឹងប្រវែង ៨ម៉ែត្រ កំរាស់ ១តឹកកន្លះ លាតសន្ឋឹងចាប់ពីចំណុចផ្លូវ ប្រឡាយ៩២ ទៅភ្ជាប់ផ្លូវប្រឡាយ ៩២ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលកាលពីមុនមកជាតំបន់គ្មានមនុស្សរស់នៅ និងជាប្រភេទផ្លូវលំលិចទឹកមានភក់ច្រំទៀតផង ។
ដោយឡែក នារសៀលថ្ងៃដដែល លោកអភិបាលខណ្ឌសែនសុខ ក៍បានបើកការដ្ឋានស្ថាបនា ផ្លូវចាក់ បេតុង ៦ ខ្សែ ប្រវែង ១២៨១ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹក ១ខ្សែ ប្រវែង ៨៨ម៉ែត្រ ក្នុងនោះភូមិ សែនសុខទី៣ មាន ៤ខ្សែ ជាផ្លូវ បេតុង គ្មានសរសៃដែក ប្រវែង ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកំរាស់ ០,១៥ម៉ែត្រ ។ ភូមិបន្លាស្អិត មាន ២ខ្សែ ជាផ្លូវបេតុង គ្មានសរសៃដែក ប្រវែង ៦៨១ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកំរាស់ ០,១៥ម៉ែត្រ ដោយឡែក នៅភូមិឃ្មួញ មាន ១ខ្សែ ជាលូរំដោះទឹក ប្រវែង ៨៨ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ជាគម្រោងមូលនិធិ សង្កាត់ ឃ្មួញ ឆ្នាំ២០១៧ ៕ តុងសីហា