មួយសប្តាហ៍ចុងខែឧសភា គ្រោះធម្មជាតិ ខ្យលព្យុះទឹកជំនន់ បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើនលើពិភពលោក

ចែករំលែក៖

ក្នុងរយពេលប៉ុន្មានថ្ងៃចុងក្រោយនៃខែឧសភា គ្រោះធម្មជាតិទឹកជំនន់ខ្យល់ព្យុះ បានវាយប្រហារប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី អឺរ៉ុប អាមេរិក បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ ជាក់ស្តែង គ្រោះទឹកជំនន់នៅប្រេស៊ីល  ព្យុះវាយប្រហារ ប្រទេសរុស្ស៊ី បង់ក្លាឌែល  ស្រីល័ង្ការជាដើម។

*ស្លាប់៧នាក់ និង ពលរដ្ឋជិត១លាននាក់ត្រូវជម្លៀសនៅប្រេស៊ីល

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧គ្រោះទឹកជំនន់បានវាយប្រហារ មកលើតំបន់ភាគខាងជើង នៃប្រទេសប្រេស៊ីលបណ្តាលឲ្យពលរដ្ឋ ៧នាក់ស្លាប់ និង៤៨.០០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់តំបន់មានវត្ថភាព ។

មន្ត្រីរដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា នៅរដ្ឋ Pernambuco រងនូវផលប៉ះពាល់ខ្លាំង ពលរដ្ឋ២នាក់ស្លាប់ និងពលរដ្ឋ៤៤.០០០នាក់ ជម្លៀសខ្លួន ។ ផ្ទះសម្បែងចំនួន២.៦០០ខ្នង រងការបំផ្លិចបំផ្លាញហើយទីក្រុងតូចៗចំនួន១៥ ត្រូវបានប្រកាសអាសន្នថា ជាក្រុងជួបគ្រោះភ័យកាលពីថ្ងៃអាទិត្យកន្លងមកនេះ ។នៅរដ្ឋ Alagoas មនុស្សចំនួន៥នាក់បានស្លាប់ ក្នុងនោះ រាប់បញ្ចូលទាំងកុមារម្នាក់ ផងដែរ ។ទឹកជំនន់បានបង្កការខូចខាត និងប៉ះពាល់ខ្លាំង ដល់រដ្ឋចំនួន២នេះ ។បើតាមការថ្លែងដោយលោក Michel Temerប្រធានាធិបតីប្រេស៊ីល បានឲ្យដឹងថាទំហំនៃការខាតបង់ មានរហូតដល់១៨៣លានដុល្លារ ។

*ស្លាប់ ៦នាក់ដោយព្យុះម៉ូរ៉ា នៅបង់ក្លាដេស

ព្យុះកំបុតត្បូង  ម៉ូរ៉ា បានបោកបក់យ៉ាងខ្លាំង និងបង្កជាភ្លៀងធ្លាក់ជោគជាំ ពិសេសនៅតំបន់ ភាគអាគ្នេយ៏នៃប្រទេស បង់ក្លាដេសបានបណ្តាលឲ្យមាន មនុស្ស៦នាក់ស្លាប់។មន្ត្រីក្នុងតំបន់ បានឲ្យដឹងថាអ្នកដែលស្លាប់ភាគច្រើន គឺជនរងគ្រោះត្រូវដើមឈើ បាក់ដួលរលំសង្កត់ពីលើ។អ្នកស្លាប់ទាំង៦នាក់ស្ថិតនៅក្នុងស្រុក Bazar និង Rangamati។

បង់ក្លាដេស រងនូវឥទ្ធិពលអាក្រក់ ដោយសារព្យុះកំបុតត្បូង Mora ចាប់តាំងពីថ្ងៃ៣០ខែឧសភា ដោយព្យុះបានបោះពួយ យ៉ាងលឿនក្នុងល្បឿន១១៧គីឡូម៉ែត្រក្នុង១ម៉ោង ។ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយខ្នងត្រូវបានព្យុះបោកបក់ បង្កឲ្យខូចខាតយ៉ាងខ្លាំង ។ ពលរដ្ឋភាគច្រើនត្រូវរស់នៅក្នុងជំរុំមួយ របស់ក្រុម ជនជាតិម៉ូស្លីម “ហ៊ីងយ៉ា” ដែលមកពីប្រទេសជិតខាងភូមា ។ ក្រុមអាជ្ញាធរ បានជម្លៀសពលរដ្ឋ រាប់ពាន់នាក់ដើម្បីរកទីកន្លែង មានសុវត្ថិភាព ។ ព្យុះកំបុតត្បូងនេះ ត្រូវបានគេរំពឹងថានឹងបោកបក់ឆ្ពោះ ទៅកាន់តំបន់សមុទ្រវិញ តែប្រទេសចំនួន២ គឺឥណ្ឌា និងភូមាអាចនឹងរងនូវឥទ្ធិពល អាក្រក់ដោយសារព្យុះ មួយនេះដែរ  ។

*ស្លាប់១១នាក់របួស៥០នាក់ ដោយខ្យល់ព្យុះនៅរុស្ស៊ី

ដើមឈើជាច្រើន ត្រូវបានដួលរលំ និងបំណែក បាក់បែកបានហោះហើរពាស់ពេញបង្កគ្រោះថ្នាក់យ៉ាងខ្លាំង នៅទីក្រុងមូស្កូក្រោយខ្យល់ព្យុះបោកបក់ចូលទីក្រុងដោយដៃចន្យ។មន្ត្រីក្រសួងព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ព្យុះបានវាយប្រហារទីក្រុងមូស្កូនិងតំបន់ជិតខាងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ តាមការប្រកាសរបស់មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន មានមនុស្សយ៉ាងហោចណាស់១១នាក់ ស្លាប់ នៅពេលដែលព្យុះដ៏ខ្លាំងក្លាមួយបានបោកបក់មកលើទីក្រុងមូស្គូរបស់ ប្រទេសរុស្សី។

ដើមឈើរាប់រយដើមបានដូលរលំហើយ មនុស្សប្រមាណជា៥០ផ្សេងទៀតកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាលរបួស។របាយការណ៍ដែលបានចេញផ្សាយថាខ្សែភ្លើងរបស់បណ្តាញអគ្គិសនីជាច្រើនត្រូវបានកាត់ផ្តាច់នៅក្នុងពេលដែលមូស្គូកំពុងទទួលរងព្យុះភ្លៀងផ្គរបោកបក់យ៉ាងខ្លាំងមួយនេះ។

គួរបញ្ជាក់ថា កម្លាំងខ្យល់បក់មានល្បឿនរហូតទៅដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាព្យុះបោកបក់ដ៏កម្រមិនធ្លាប់មាននៅក្នុងប្រវតិ្តសាស្ត្ររបស់ទីក្រុងមូស្គូអស់រយៈ១០០ឆ្នាំមកហើយៗដែលវាបានថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងប៉ះពាល់ដល់អគារជាច្រើនផង។

ព្យុះនេះបានបំផ្លាញដើមឈើធំៗនៅទីក្រុងមូស្គូជាច្រើន និងធ្វើឲ្យ ប៉ះពាល់ដល់ការធ្វើដំណើរ តាមរថភ្លើង និង ជើងហោះហើរជាច្រើនត្រូវផ្អាក ។

*ទឹកជំនន់សម្លាប់មនុស្ស ១៨០នាក់នៅស្រីល័ង្ការ

រដ្ឋាភិបាលស្រីល័ង្ការបានសម្រេចបន្ថែមទាហានរាប់ពាន់នាក់ ដើម្បីត្រៀមខ្លួនក្នុងការជួយសង្គ្រោះពលរដ្ឋ ប្រមាណជាងកន្លះលាននាក់ ដែលបានជម្លៀសខ្លួនពីដែនដីកោះដែលរងគ្រោះដោយទឹកជំនន់ ទ្រងទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំមកនេះហើយតួលេខនៃអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់តិចបំផុត ១៨០នាក់។

សម្ពាធទាបនៃ រដូវវស្សាបានមកដល់ ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ក្រុមងារងារជួយសង្គ្រោះបានដាក់ពង្រាយគ្នាក្នុងនោះមានឧទ្ធម្ភាគចក្រ ទូក និងយោធាថ្មើរជើង ដើម្បី ធ្វើការជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ហើយក៏បន្តការរុករកសាកសព ដែលបានស្លាប់និងដឹកជនរងគ្រោះដើម្បីសង្គ្រោះ ។

ពលរដ្ឋប្រមាណដជាង៥៥០.០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំងឡើងៗ ដែលនាំឲ្យមានទឹកជំនន់កើតឡើងរួមទាំងមានករណីបាក់ដី ហូរច្រោះនៅទូទាំងដែនកោះ ស្ថិតនៅភាគនីរតី ។គេបានដឹងថា ប្រទេសស្រីល័ង្កា តែងតែការគំរាមកំហែង ដោយសារទឹកជំនន់នៅពេលដែលរដូវវស្សា បានចាប់ផ្តើមមកដល់ ប៉ុន្តែបើតាមការលើកឡើងរបស់ជាងឈើម្នាក់ឈ្មោះ J. H. Siripalaដែលនៅមានជីវិតរស់នៅក្នុងតំបន់រងការវាយប្រហារនោះ បាននិយាយថា គាត់មិនធ្លាប់ឃើញស្ថានភាពដ៏អាក្រក់បែបនេះ កើតឡើងពីមុននោះទេ ៕

srilanka bangladest moscow

...

Foto: Gleilson Miranda/Secom
Foto: Gleilson Miranda/Secom

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print