ភ្នំពេញ ៖ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវបានពលរដ្ឋជិតខាងជួយ និងហៅរករថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីនាងលង់ស្នេហ៍ជាមួយបុរសជាកម្មករសំណង់ម្នាក់ដោយមិនបានរៀបការពេញច្បាប់រហូតពពោះមានទម្ងន់ ៣ខែក៏ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់ ទុកឱ្យនាងពពោះរហូតដល់គ្រប់ខែសម្រាលកូនលើឥដ្ឋតែម្នាក់ឯង ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋរស់នៅជិតខាងបាននិយាយថាស្រ្តីអភ័ព្វរូបនេះ ឈ្មោះ អ៊ន ចិន្តា អាយុ ២៨ឆ្នាំ អតីតជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំសង្កាត់ចោមចៅ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់ខាងលើគ្មានទីពំនឹងដោយពឹងផ្អែកលើមិត្តភ័ក្ដិរួមការងារ ប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថា ខណៈដែលស្រី្តអភ័ព្វរស់នៅក្នុងបន្ទប់តែម្នាក់ឯង ហើយ គាប់ជួនកម្មករ កម្មការិនីចេញពីធ្វើការនៅរោងចក្រឃើញនាងកំពុងស្រែកថ្ងូរឈឺពោះសម្រាលកូនគ្មានលុយកាក់មួយរៀលនិងបានបែកទឹកភ្លោះហើយនោះ ក៏នាំគ្នាជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។ ប៉ុន្តែ នៅពេលដែលរថយន្តសង្គ្រោះមិនទាន់ ទៅដល់ស្រួលបួលផង នាងក៏សម្រាលកូនលើ កម្រាលឥដ្ឋ បាន កូនស្រីមួយដ៏ទ្រលុកទ្រលន់បាត់ទៅហើយ ។
បន្ទាប់មកក្រុមសង្គ្រោះ បាន លើកដាក់ទាំងម្តាយ និងទារិកាដែលទើបប្រសូត្រ ទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បី ឲ្យគ្រូពេទ្យថែរក្សាសុខភាពឲ្យបានល្អប្រសើរតាមក្បួនវេជ្ជសាស្រ្តដូចគេឯង។
យ៉ាងណា បន្ទាប់ពីទទួលរងនូវជីវិតដ៏អាស្រូវនេះ ស្រ្តីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ជាតិនេះនាងខុសហើយ។ ការធ្លាក់ខ្លួនដល់កម្រឹតនេះ ក៏ដោយសារនាងខ្វះ គំនិតខ្វះការពិចារណា គិតមិនបានវែងឆ្ងាយ ឆាប់ជឿលើការលួងលោមរបស់ប្រុសព្រានហើយ ទីបំផុត ធ្វើឱ្យនាងទទួលរងកម្មវេទនាដល់ថ្នាក់នេះ រហូតគ្រួសារលែងទទួលស្គាល់ទៀត ៕ ប្រាថ្នា