ខេត្តសៀមរាប ៖ បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នៃខេត្តសៀមរាប កំពុងធ្វើនេសាទល្មើសច្បាប់ជារៀងរាល់ថ្ងៃ មានដូចជាអ៊ុយ,ប័រ, អូសអ៊ួន,រុញស៊ីប និង ឆ្នុក ជាដើមហើយករណីនេះគេបានដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញជាអ្នកនៅពីខាងក្រោយខ្នង នៃការបើកដៃឲ្យមានបទល្មើសទាំងនេះកើតឡើងជាថ្នូរនិងការមិនចុះបង្ក្រាប ។
ប្រភពពីអ្នកតាមដានច្បាស់ការបានប្រាប់ឲ្យដឹងថា៖ គេឃើញបទល្មើសនេសាទ ជាច្រើនប្រភេទ នៅតែបន្តកើតមានយ៉ាងច្រើនកុះករ ដដែលដោយគ្មានខ្លាចញញើតសមត្ថកិច្ចជំនាញណា១សោះឡើយ។ ចំណែក១ក្រុមផ្សេងទៀត ជាអ្នកនេសាទជនជាតិយួន នៅតំបន់ចុងឃ្នៀសបានចុះរុញស៊ីប ជារៀងរាល់យប់ ដោយបានបង់លុយឲ្យមន្ត្រីជំនាញនៅទីនោះរាប់លានរៀលក្នុងមួយយប់ៗ ។
រីឯក្រុមអ្នកដាក់ អ៊ុយ,ប័រ លបរ៉ាវ វិញកើតមាន ពេញលើផ្ទៃទឹក ដោយបញ្ចេញភ្លើងពណ៌យ៉ាងខៀវស្រងាត់ រាល់យប់ គ្មានឃើញជំនាញ ណាម្នាក់ចុះបង្ក្រាបនោះទេ ប៉ុន្តែយូរៗទៅ វាក្លាយជារឿងដដែលៗទៅហើយ។ ហើយពួកគេក៏បានឃើញអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបខ្លះៗដែរ តែមិនស៊ីជម្រៅ ដោយគេសង្ស័យថា គ្រាន់តែដេញត្រីឲ្យចូលស៊ងតែប៉ុណ្ណោះ ទាក់ទិនទៅនឹងករណីបទល្មើសនេសាទដែលកើតមានពេញបន្ទុកក្នុងខេត្តសៀមរាប។
ចំណែកលោក ម៉ក់ ប្រុស ចៅហ្វាយស្រុកសូទ្រនិគម ធ្លាប់បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ករណីនេះលោកបាននិយាយប្រាប់សមត្ថកិច្ចជំនាញទាំងអស់នៅក្នុងអង្គប្រជុំ រួចហើយ បើមានរឿងសមត្ថកិច្ចទៅស៊ុំគ្រលំជាមួយបទល្មើសនេសាទពិតយ៉ាងដូច្នេះមែន អាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន។
លោកបន្តថា ចំពោះករណីនេសាទខុសច្បាប់នេះផងដែរ លោក បានឲ្យខាងឃុំ ចុះផ្ទាល់ទៅណែនាំដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ទៅតាមការដែលយើងអាចធ្វើទៅបាន។លោកបន្ថែមថា លោកនឹងបន្តចុះផ្ទាល់ទៅ ដល់មាត់ទឹកបឹងទន្លេសាបតែម្តង ដើម្បីឲ្យឃើញជាក់ ស្តែង ព្រោះជួនកាល មានមន្ត្រីមួយចំនួនរាយការ កុហកថ្នាក់លើក៏អាចថាបានដែរ។
ទាក់ទិន ទៅនឹងករណីខាងលើនេះដែរ លោក ស ម៉ាប់ នាយរងផ្នែករដ្ឋបាលជលស្រុកសូទ្រនិគម មិនអាចទាក់ទងសុំការពន្យល់បានទេ នារសៀលថ្ងៃទី០៦ខែ មិថុនានេះ។
ជុំវិញការលើកឡើងខាងលើនេះដែរលោក ព្រិន្ទ សាវិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបមិន អាចទាក់ទង សុំការបំភ្លឺពីលោកបានទេនៅរសៀលថ្ងៃទី០៦ខែមិថុនានេះដោយសារហៅទូរស័ព្ទ ទៅលោកចូលជាច្រើនដងតែគ្មានអ្នកទទួល។
ក្រុមមន្ត្រីនិយាយថាការយកលុយពីបទល្មើសជាថ្នូរនិងការ មិនចុះបង្ក្រាប បែបនេះវាគឺជារឿងខុសច្បាប់ដែលមិនអាចលើកលែងបាន។មន្ត្រីដដែលបន្តថា ករណីនេះរាជរដ្ឋាភិបា លត្រូវតែយកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យទៅ លើករណីនេះចេះតែកើតមានបន្តទៅទៀត ដើម្បីកុំឲ្យមានជនខិលខូចប្រព្រឹត្តខុ សច្បាប់តទៅទៀត ហើយបើមិនដូច្នោះទេមច្ឆាជាតិ និងរលាយសាបសូន្យនៅពេលខាងមុខនេះ។
សូមរំលឹកផងដែរថា បទល្មើសនេសាទកើតមាន ច្រើនជាងគេបំផុតនៅក្នុងខេត្តសៀមរាបនោះគឺបន្ទាប់ ពីមានការគ្រប់គ្រងផ្ទាល់របស់លោកព្រិន្ទ សាវិន បាន ឡើងជានាយខ័ណ្ឌរដ្ឋបាលជលផលអស់រយះពេលជិត១០ឆ្នាំកន្លងមកនេះ ដែលបណ្តែតបណ្តោយឲ្យកូន ចៅក្រោមឱវាទមួយចំនួនទៅឃុបឃិតជាមួយបទល្មើសជាថ្នូរនិងការមិនចុះបង្ក្រាប។
ទន្ទឹមគ្នានេះផងដែរគេសង្ឃឹមថាប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងលោកអភិបាលខេត្តសៀមរាប មេត្តា ចុះត្រួតពិនិត្យមើលមន្ត្រីមួយចំនួនដែលមានភារះកិច្ច ការពារនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាបផង ដើម្បីឲ្យផលត្រី កើនឡើងសមស្របទៅ នឹងតម្រូវការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ ៕