ខេត្តកណ្តាល ៖ ទូរATMរបស់ធនាគារអេស៊ីលីដា សាខាស្រុកខ្សាច់កណ្តាល បានទទួលរងការខូចខាត ដោយសារបុរសម្នាក់វាយដោយដែកគាស់ ។ ជនដៃដល់ត្រូវបានបុគ្គលិកប្រចាំការចេញមកអន្តរាគមន៍ និងមានការចូលរួមពីប្រជាពលរដ្ឋចាប់ខ្លួនបាន វាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យជនសង្ស័យរងរបួសបែកមុខបែកមាត់ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ និង៥៧នាទី ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចធនាគារអេស៊ីលីដាសាខាស្រុកខ្សាច់កណ្តាល ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង គឹមសួរ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។ ចំណែកឯដើមបណ្តឹងឈ្មោះ សរ សុភាជ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជានាយកសាខាធនាគារអេស៊ីអេលីដា មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតដែកគាស់ប្រវ៉ែង០,៦៥ ម៉ែត្រចំនួន០១ និងម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្ស៊ូគីនិច ស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FD-0526 ។ ដោយឡែកទូរATMមិនមានអ្វីខូចខាតធ្ងន់ធ្ងរនោះទេ ពោលគឺគ្រាន់តែឆ្កូតអេក្រង់បន្តិចតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុគ្គលិកប្រចាំការនៅធនាគារអេស៊ីលីដាសាខាស្រុកខ្សាច់កណ្តាល បានមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យកាន់ដែកគាស់ចូលទៅវាយទូរATM។ ភ្លាមៗនោះបុគ្គលិកប្រចាំការបានចេញមកអន្តរាគមន៍ និងមានការចូលរួមពីប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យខាងលើនេះ វាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យជនសង្ស័យរងរបួសបែកមុខបែកមាត់ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
លោក អ៊ុន យ៉ុង អធិការរងទទួលផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ដំបូងជនសង្ស័យឆ្លើយថា មកពីខឹងដកលុយពីទូរATMមិនបានទើបជិះម៉ូតូយកដែកគាស់ពីផ្ទះមកវាយទូរATMនេះ ។ ចុងក្រោយឆ្លើយថា មិនដឹងជាមានអ្វីមកនាំ បានជារូបគេហ៊ានយកដែកគាស់ទៅវាយទូរATM យ៉ាងដូច្នេះ ។ សរុបមកវិញជនសង្ស័យខាងលើនេះជាមនុស្សបែកថ្នាំ ៕ ស្អាងជ័យ
...