ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យគោលដៅតាម ភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែន ដើម្បីរៀបចំការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុល ពត ២០ មិថុនា ១៩៧៧។
នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី១២ ខែមិថុនា បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវាការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧)។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងការពាជាតិកម្ពុជា បានរៀបចំប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហានតាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
សូមរម្លឹកថា របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ក្រោមកិច្ចសហការជាមួយកងទ័ពវៀតណាម។ ការដួលរលំនៃរបបនេះ ក៏បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជារហូតដល់សព្វថ្ងៃ ក្រោមនយោ បាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ៕ ហេង សូរិយា