ខេត្តព្រះវិហារ ៖ រថយន្តយីឌុបភ្លៅ៥ផ្ទុកទៅដោយឈើខុសច្បាប់របស់មេឈ្មួញល្បាញល្បី នៅក្នុងក្រុងព្រះវិហារឈ្មោះ ស៊ីម លាងសាន និងឈ្មោះ រស្មី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពីកម្លាំងបានចំណាយពេលជាង៥ម៉ោងក្នុងការឡោមព័ទ្ធទីតាំង ខាងលើនេះ ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោក អឿន វណ្ណះ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក ឆិញ សេង នាយផ្នែករដ្ឋបាលព្រៃឈើ ត្បែងមានជ័យ និងមានការសម្របសម្រួលពីលោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
លោកមេបញ្ជាការ អឿន វណ្ណះបានឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងនៅចំណុចភូមិឡឥត ស្ថិត ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលមានមេឈ្មួញឈ្មោះ ស៊ីម លាងសាន ជាមន្ត្រីកិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្ត និងមេឈ្មួញម្នាក់ទៀតឈ្មោះ ឈុំ រស្មី នាយការិយាល័យមន្ទីរអធិការកិច្ចខេត្ត នាព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៧ ។
លោកបន្តឲ្យដឹងទៀតថា ការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះ គឺយោងតាម បទបញ្ជាលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ផែនការចុះបង្ក្រាប ខណៈក្រុមឈ្មួញកំពុងធ្វើសកម្មភាពលើកឈើដាក់លើរថយន្តទាំងកណ្តាលថ្ងៃក្នុងក្រុងព្រះ វិហារ ។
ក្នុងនោះកម្លាំងបានចំណាយពេលជាង៥ម៉ោងម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង១២ថ្ងៃ ត្រង់ ក្នុងការព័ទ្ធទីតាំងខាងលើ ។ ជាលទ្ធផលកម្លាំងបានរឹបអូសយករថយន្តនិងឈើយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យដើម្បីធ្វើការវាស់វែងទៅតាមនិតិវិធី៕ វណ្ណះ