ខេត្តកំពង់ឆ្នាំង៖ កុមារម្នាក់ស្លាប់ ក្រោយពីហូបដំឡូងមីដុត ដែលឪពុកយកពីចំការដំឡូងមីរបស់ក្រុមហ៊ុនចិន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ភូមិស្រែព្រិច ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា កុមារារងគ្រោះមានឈ្មោះហេង ស្រៀង អាយុ៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ បុរសឈ្មោះ ផ្លុង ស្រេម អាយុ៣៥ឆ្នាំ ដែលត្រូវជាឪពុករបស់រងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ រូបគាត់និងកូនប្រុសទៅច្រូតស្មៅ នៅចំណុចបឹងវែង ជាប់កន្លែងចំការដាំដំឡូមីរបស់ក្រុមហ៊ុនចិន ស្ថិតក្នុង ភូមិគោកពួច ឃុំតាំងក្រសាំង ។
បុរសរូបនេះបានបន្តទៀតថា ក្រោយពេលច្រូតស្មៅនោះហើយ រូបគាត់បានដកម៉ើមដំឡូងមី របស់ក្រុមហ៊ុនចិនចំនួន២មើមយកមកផ្ទះ រួចយកដំឡូងមី២មើមនោះដុត និងបានយកអោយកូនប្រុសនោះហូប នៅពេលហូបដំបូងដូចអត់អីទេ ។ លុះមួយសន្ទុះក្រោយមកក៍ គាត់បានឃើញកូនប្រុសមានអាការៈមិនស្រួល មិនបានចាប់អារម្មណ៍ទេ និងបាននាំកូនឡើងទៅដេកលើផ្ទះទៅ រហូតដល់ម៉ោងជាង១២រំលង អាធ្រាត្រ ងើបមើលកូន ទើបដឹងថាកូនប្រុសនោះស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានអោយដឹងថា កុមារា ហេង ស្រៀង ពិតជាស្លាប់ដោយពុលដំឡូងមី ដែលដាំដោយក្រុមហ៊ុនចិនពិតប្រាកដមែន ៕
ដោយ៖ ចន្ថា