ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់ដ ចំលងកំពង់ក្តារ ពីរនាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង តាមកាប់ប្រហារជនរងគ្រោះ ក្នុងពេលដែលជនរងគ្រោះបានត្រឡប់ពីកំពង់ចំលង ឡើងទៅផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិដកសិទ្ធ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលជាម្ចាស់ដរ មានឈ្មោះ សេក គង់ ភេទប្រុស អាយុ៥៨ឆ្នាំ រងរបួសត្រូវដៃទាំងសងខាង និង ក្បាល ចំណែកម្នាក់ទៀតជាប្រពន្ធ ឈ្មោះ ញ៉ែម សាវន អាយុ៥៥ឆ្នាំរងរបួសត្រូវចំក្បាល ។
នៅក្នុងមន្ទីរពេទ្យជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានជិះម៉ូតូសេ១២៥ ឆ្នាំ២០១៦ ឌុបប្រពន្ធ ពីកំពង់ចំលង ដើម្បីទៅផ្ទះរបស់ខ្លួន នៅពេលដែលជិះម៉ូតូឌុបប្រពន្ធបានជាងមួយគីឡូម៉ែត្រ ក៍ស្រាប់តែមានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ បានជិះតាមគាត់ពីក្រោយ មកអែបម៉ូតូរបស់គាត់ រួចទាញដាវកាប់មក លើរូបគាត់និងប្រពន្ធតែម្តង បណ្តាលអោយរូបគាត់ទាំងពីរនាក់ប្តីរប្រពន្ធរងរបួសធ្ងន់និងស្រាល ហើយរូបគាត់បានរត់ចេញពីម៉ូតូ បានជាង៥០ម៉ែត្រក៍ដួលសន្លប់ទៅ ។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹករូបគាត់និងប្រពន្ធមក សង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំណែកឯកជនសង្ស័យបានគេចខ្លួន រីឯម៉ូតូរបស់គាត់ក៍ត្រូវបាត់ផងដែរ ។
ករណីនេះត្រូវបានជនរងគ្រោះបញ្ជាក់ថា ជាករណីគុំនំ ព្រោះថាកន្លងមកក្រុមជនសង្ស័យក៍ធ្លាប់បាញ់គំរាមកូនប្រុសរបស់គាត់ដែរ ហើយកន្លងទៅថ្មីៗនេះ ក្រុមជនសង្ស័យបានប៉ះសំដីគ្នា ក្នុងពេលដែលសាឡង់ប៉ះគ្នា ទើបបង្ករអោយមានហេតុការណ៍នេះកើតឡើងតែម្តង ចំពោះជនសង្ស័យដែលកាប់គាត់និងប្រពន្ធនោះ បានស្គាល់អត្តសញ្ញាណអស់ហើយ ។ នៅពេលនេះលោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដែរហើយ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរក ជនសង្ស័យ ៕ ចន្ថា