ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីដំណឹងមានសង្សាស្អាតដូចតារាសម្តែងរបស់លោកភិច សែ ហៅនាយចយ។ក្រោយពីប្រកាសពីភាគីខាងស្រីថាមិនមែនជាស្នេហាលេងសើច នាយ ចយ ក៏មានគម្រោងចូលស្តីដណ្តឹងសង្សាបណ្តូលចិត្ត និងរៀបការតាមទំនៀមទម្លាប់ដូតគេដូចឯងដែរ។
មានបុរសមិនតិចទេច្រណែននឹង នាយចយ ដែលមានសម្រស់មិនស្អាត តែបែជាបានសង្សាស្រស់សោភាមិនចាញ់តារាប៉ុន្មានទេ។ មិនត្រឹមតែបង្ហាញមុខ និងអះអាងថាជាសង្សា នាយចយក៏បានបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយសង្សាផងដែរ រហូតបុរសមួយចំនួនត្អូញថាឈឺចិត្តត្បិតរូបសម្បត្តិស្អាតបាទហើយរកសង្សាមិនបានស្រស់សោភាដូចនាយចយ។ ក្រៅពីផ្អែមល្ហែម ពួកគេក៏មានគម្រោងរៀបចំពិធីភ្ជាប់ពាក្យ និងរៀបការតាមប្រពៃណីខ្មែរផងដែរ។ នេះបើតាមការបញ្ជាក់របស់នាយចយ។
តារាកំប្លែងប្រចាំក្រុមនាយក្រឹមរូបនេះលើកឡើងថា ស្រីស្អាតដែលលោកបានកៀកកើយគ្នាផ្អើលអ្នកលេង Facebook នោះឈ្មោះ ឌី គឺប្រាកដណាស់ជាសង្សាររបស់លោកមែនហើយនាងជាកូនក្រមុំអ្នកខេត្តពោធិសាត់ដែលបានស្រលាញ់គ្នាជិត១ឆ្នាំទៅហើយ។ តារាកំប្លែងរូបនេះលើកឡើងថា លោកកំពុតប្រឹងប្រែងខ្លាំងដើម្បីសន្សំលុយបានពីការសម្តែង ដើម្បីបំពេញក្តីសុបិន្តរបស់ខ្លួន។
តារាកំប្លែងវ័យ២៤ឆ្នាំរូបនេះ អះអាងថា សង្សាលោកទើបមានវ័យ១៨ឆ្នាំជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិសាត់។ លោកថាទំនាក់ទំនងនេះគឺកើតមានឡើងដោយខ្លួនឯង ដោយមិនមានអ្នកណែនាំឬបង្ខិតបង្ខំនោះទេហើយក្រោយការមើលចិត្តថ្លើមគ្នាគឺកាន់តែស្រលាញ់គ្នា ហើយក្រុមគ្រួសារទាំងសងខាងដឹងលឺរួចរាល់ហើយដោយមិនមានការជំទាស់ដែរ។
លោកថា ទោះមានភ្លើងខៀវពីក្រុមគ្រួសារប៉ុន្តែលោកនៅមិនទាន់ចូលរោងការភ្លាមៗទេគឺលោកចង់សន្សំលុយកាក់ឲ្យបានសមល្មម នឹងរៀបចំពិធីសមរម្ភមួយសម្រាប់ខ្លួន និងអនាគតភរិយា។ លោកថា នៅមិនទាន់ដឹងនៅឡើយដែរថា នឹងត្រូវជូនថ្លៃបណ្ណាការចំនួនប៉ុន្មានដែរ ប៉ុន្តែតាមការស្វែងយល់ចិត្តគ្នា គឺថ្លៃទឹកដោះមិនមែនជាឧបសគ្គសម្រាប់លោកនោះទេ។
លោក នៅមិនទាន់បានដឹងច្បាស់អំពីពេលវេលាចូលរោងការនៅឡើយ ហើយពេលនេះគឺលោកកំពុងសន្សំលុយឲ្យគ្រប់ល្មមដើម្បីឲ្យពិធីមង្គលការកើតឡើងបានដោយភាពសមរម្ភ។ អ្វីដែលលោកសង្ឃឹមគឺក្តីស្នេហ៍មួយនេះនឹងជាស្នេហាពិត យូរអង្វែងតរៀងទៅ ហើយលោកនឹងព្យាយាមខិតខំសម្តែងភាពយន្ត និងកំប្លែងដើម្បីសម្រេចក្តីសុបិន្តក្នុងជីវិត។ លោកក៏អរគុណចំពោះក្រុមគ្រួសារសង្សាលោកដែលមិនប្រកាន់អំពីរូបរាងមុខមាត់របស់លោកហើយបំពេញការចង់បានរបស់លោក និងសង្សាផងដែរ៕ វឌ្ឍនា