លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងលោកនាយឧត្តមសេនីយ៍ សៅ សុខាចុះថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតឃុំដូង ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងលោកនាយឧត្តមសេនីយ៍ សៅ សុខាបានចុះថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាទីដែលគណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្គ្រោះជាតិ ២សំឡេង ហើយបានកាន់កាប់ជាមេឃុំ។

ជាក់ស្ដែងទីតាំងឃុំនេះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ចុះថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតផ្ទាល់តែម្ដង។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា និងប្រជាពលរដ្ឋម្ចាស់ឆ្នោតចំនួន ២,៦៦៦នាក់ផងដែរ។

ក្រៅពីការថ្លែងអំណរគុណនោះលោកស្រី ម៉ែន សំអន និងនាយឧត្តមសេនីយ៍ សៅ សុខា បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់និង​បញ្ហានានា របស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះថ្នាក់ដឹកនាំទាំង២ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញ​ប្រកាសផ្លូវការស្ដីពីលទ្ធផល នៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង គឺ​២,៦១១សំឡេង ទល់នឹង ២,៦០៩សំឡេង៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print