ខេត្តកំពត ៖ ប្រតិបត្តិការបង្ក្រាបជនជាតិចិនទាំង៣៨នាក់ ពាក់ព័ន្ធនឹងករណីជំរិតប្រាក់តាមប្រព័ន្ធ Internet ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ដោយទីតាំង២ផ្សេងគ្នា ទីតាំងទី១- ឃាត់ខ្លួនបាន១៨នាក់ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល និង ទីតាំងទី២- ឃាត់ខ្លួន២០នាក់ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។
កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលបាលចិន និងកម្លាំងនគរបាលខេត្តកំពត ដោយមានការសម្របសម្រួលពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ។
ជនជាតិចិនទាំង៣៨នាក់ ក្នុងនោះស្រី១៨នាក់ ។ ពួកគេជាប់ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអនឡាញ ដែលសមត្ថកិច្ចរដ្ឋាភិបាលចិនបានស្រាវជ្រាវរកឃើញ ។
ក្រោយការឃាត់ខ្លួនបាន ជនជាតិខាងលើនេះ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត និងបញ្ជូនបន្តទៅអគ្គនាយក ដ្ឋាននគរបាលអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ជាយក្រុង