អភិបាលរាជធានីភ្នំពេញដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យមេប៉ុស្តិ៍ទាំងអស់ ប្រឹងបង្ក្រាបបទល្មើសចោរឆក់ ចោរប្លន់ គ្រឿងញៀនក្នុងមូលដ្ឋាន បើគ្មានសមត្ថភាពលាលែងពីតំណែង កុំឲ្យគេដកទាន់

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មី លោក ឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពផងនោះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានព្រមានធ្ងន់ៗ និងដាក់បទបញ្ជា ឲ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងរាជធានីភ្នំពេញទាំងអស់ ប្រឹងប្រែងបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសកម្ម ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ពិសេសបង្ក្រាបគ្រឿងញៀន បើធ្វើមិនបាន មិនមានសមត្ថភាព ត្រូវលាលែងពីតំណែងទៅ កុំឲ្យគេដកទាន់។

ជាមួយគ្នានេះ អភិបាលរាជធានី លោក ឃួង ស្រេង បានលើកឡើងប្រសិនបើមេប៉ុស្តិ៍ទាំងអស់ធ្វើមិនបាន សូមកុំឆ្លើយថា អត់កម្លាំងស្មើសុំទៅអធិការព្រោះថា កម្លាំងថ្មីៗចេញពីសាលាច្រើនណាស់ ហើយបើអធិការអត់ ត្រូវស្នើទៅស្នងការ។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ ចុះ​ពិនិត្យមើលប្រព័ន្ធ​ប្រឡាយបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ​។

ក្នុងនោះដែរ លោក ឃួង ស្រេង បានថ្លែងជំរុញឲ្យសមត្ថកិច្ច និងអជ្ញាធរទាំំងអស់ ប្រឹងប្រែងអនុវត្តន៍ឲ្យបានគោលការណ៍ភូមិឃុំមានសុវត្ថិភាពឲ្យបានល្អឡើងវិញ ហើយដំណាក់កាលដំបូងនេះ គ្រាន់ជាការណែនាំដោយផ្ទាល់មាត់ប៉ុណ្ណោះ តែប្រសិនបើករណីចោរកម្ម លួចឆក់ ប្លន់ និងគ្រឿងញៀន នៅតែកើតមាន បង្កភាពភ័យខ្លាចចំពោះប្រជាពលរដ្ឋទៀត នឹងត្រូវដាក់ទោសតាមវិន័យរដ្ឋបាល ។

​លោក ឃួង ស្រេង បានបញ្ជាក់ថា ការស្តា​ប្រឡាយ​ស្ទឹងមានជ័យ​ជា​បណ្តោះអាសន្ន​នេះ ​វា​នឹង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សង់​រំលោភ​លើ​ប្រឡាយ​នេះ​២​ម៉ែត្រ ហើយ​លើ​បញ្ហា​នេះ ​ដូច្នេះលោកបានស្នើ​សុំឲ្យ​ប្រជាពលរដ្ឋ​យោគយល់​។​ ចំណែក​អាជ្ញាធរ​វិញ ​លោក ​ឃួ​ង ស្រេង ក៏បាន​ស្មើ​ឲ្យមាន​ការថតរូប ​និង​ធ្វើ​ស្ថិតិឲ្យបាន​ច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ ដោយ​លោក​សន្យាថា នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ម្នាក់​ដី​ឡូ​មួយ​ល្វែង​នៅ​ហ្នឹង​កន្លែង ពោលគឺ​មួយ​គ្រួសារ​អាច​ទទួលបាន​ដី​១​ឡូ​ទំហំ ទទឹង​៤​ម៉ែត្រ ​បណ្តោយ​ជាង​១០​ម៉ែត្រ ​និង​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ផងដែរ​។

​អភិបាលរាជធានីភ្នំពេញ បន្ថែមថា ក្រោយពី​ទទួលបាន​ដីធ្លី​ហើយ នៅពេល​សាងសង់​ប្រជាពលរដ្ឋ​ត្រូវតែ​សុំច្បាប់​ពី​អាជ្ញាធរ ដោយ​មិនត្រូវ​បង់ប្រាក់​ឡើយ សូម្បីតែ​ពន្ធ​ប្រថាប់ត្រា ហើយ​ការងារ​នេះ​លោក​សន្យាថា នឹងធ្វើ​ឲ្យ​បានសម្រេច​ និង​រួចរាល់​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ចំពោះ​គម្រោង​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ពិតជា​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​ពួកគាត់​អាច​ទទួលបាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់ ក្រោយពី​កាត់​ទំហំ​ប្រឡាយ​ធ្វើ​ផ្លូវ​តាម​ប្រឡាយ​នេះ​រួច​៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print