ខេត្តសៀមរាប ៖ ឆា-ឈីងគឺជាកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារដ៏ពិសេសនិងឈ្នះពានរង្វាន់អភិវឌ្ឍឡើងដោយមូលនិធិព្រូដិនស៍ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុនសាជីវកម្មព្រូដិនសលអាស៊ី។ដោយបានរចនាឡើងសម្រាប់កុមារអាយុពី៧ដល់១២ឆ្នាំកម្រងវីដេអូឆា-ឈីងគឺជាវីដេអូគំនូរជីវចលអមដោយបទចម្រៀងខ្លីៗដែលមានតួអង្គដ៏រស់រវើកដែលពន្យល់អប់រំកុមារអំពីគោលគំនិតមូលដ្ឋាននៃការគ្រប់គ្រងលុយកាក់គឺការរកលុយសន្សំចាយនិងបរិច្ចាគដែលពេលនេះបានមកដល់ខេត្តបាត់ដំបង និងសៀមរាបហើយ។
ព្រូដិនសលកម្ពុជាដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជាបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពរបស់ខ្លួនឲ្យបានទៅដល់ប្រជាជនខ្មែរកាន់តែច្រើននៅទូទាំងប្រទេស។ក្រុមហ៊ុនក៏ប្តេជ្ញាចិត្តតបស្នងត្រឡប់ទៅឲ្យសហគមដែលខ្លួនធ្វើប្រតិបត្តិការវិញហើយកម្មវិធីសំខាន់មួយដែលក្រុមហ៊ុនបានអនុវត្តកាលពីពេលថ្មីៗនេះគឺកម្មវិធី“ឆា-ឈីង”ដែលផ្តល់ឱកាសឲ្យកុមារចូលរួមក្នុងសកម្មភាពអប់រំគោលគំនិតហិរញ្ញវត្ថុដែលបានរៀបចំឡើងនៅតាមសាលាបឋមសិក្សាជាច្រើនក្នុងខេត្តបាត់ដំបងនិងសៀមរាប។
លោកមានដូនប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខាព្រូដិនសលកម្ពុជាខេត្តបាត់ដំបងបានដឹកនាំក្រុមការងារស្ម័គ្រចិត្តដែលរួមមានទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដើម្បីរៀបចំសកម្មភាពកម្មវិធីឆា-ឈីងកាលពីថ្ងៃទី២២មិថុនា។លោកបាននិយាយថា“កម្មវិធីឆា-ឈីងគឺជាកម្មវិធីមួយដែលយើងបានកំណត់សម្គាល់ឃើញថាកុមារទាំងអស់ពួកគាត់ចូលចិត្តរៀនជាមួយពួកយើងហើយមិនត្រឹមតែប៉ុណ្ណោះនេះជាផ្នត់គំនិតថ្មីមួយដែលយើងមានគោលគំនិតសំខាន់បួនគឺការរកលុយការសន្សំការចាយនិងការបរិច្ចាគ។”
ស្រដៀងគ្នានេះដែរលោកខាន់សុវណ្ណារិទ្ធប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខាព្រូដិនសលកម្ពុជាខេត្តសៀមរាបដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះក៏បានដឹកនាំក្រុមការងារស្ម័គ្រចិត្តមួយក្រុមទៀតដើម្បីធ្វើកិច្ចការដូចគ្នានៅក្នុងខេត្តសៀមរាប។លោកបាននិយាយថា“នៅឯក្រុមហ៊ុនព្រូដិនសលកម្ពុជាគឺយើងមិនត្រឹមតែផ្តោតលើការធ្វើអាជីវកម្មទេតែយើងក៏ផ្តល់ការតបស្នងទៅដល់សង្គមជាតិផងដែរ។សរុបមកដល់ពេលនេះនៅសៀមរាបយើងបានអនុវត្តកម្មវិធីឆា-ឈីងនៅក្នុងសាលាបឋមសិក្សាចំនួន៧ហើយមានសិស្សចំនួនប្រហែល៣៥៥នាក់បានចូលរួមដោយផ្ទាល់។”
លោកស្រីចិនទុំនាយិកាសាលាបឋមសិក្សាអនុវត្តខេត្តបាត់ដំបងបាននិយាយដូចនេះអំពីកម្មវិធីឆា-ឈីង“ខ្ញុំគិតថាកម្មវិធីនេះមានប្រយោជន៍ពីព្រោះក្មេងគាត់ត្រូវដឹងថាគេរកលុយដោយវិធីណាហើយគាត់ត្រូវចេះសន្សំលុយ។ហើយចំពោះការចាយលុយវិញគឺគាត់គួរដឹងអ្វីដែលគួរចាយអ្វីដែលមិនគួរចាយហើយគាត់ត្រូវចេះបរិច្ចាគចេះជួយមិត្តភ័ក្តិតាំងពីការបរិច្ចាគជាលុយកាក់ហើយនិងពេលវេលាផងដែរដូច្នេះហើយទើបខ្ញុំគិតថាកម្មវិធីនេះល្អ។”
ក្រៅពីកម្មវិធីឆា-ឈីងក្រុមហ៊ុនព្រូដិនសលកម្ពុជាក៏បាននិងកំពុងអនុវត្តកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកហៅថាSAFE STEPS ជាកម្មវិធីសកម្មភាពសង្គមថ្នាក់តំបន់មួយដែលកំពុងត្រូវបានអនុវត្តក្រោមភាពជាដៃគូជាមួយស្ថាប័ននិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុនក៏មានផែនការបន្ថែមទៀតដើម្បីពង្រឹងការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេសផងដែរ៕ វឌ្ឍនា