ខេត្តតាកែវ ៖ កម្លាំងនគរបាលស្រុកគីរីវង់នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ បានចុះធ្វើការដកនិងដុតបំផ្លាញចោលដំណាំកញ្ឆាប្រមាណជាង១ម៉ឺនដើម ស្ថិតនៅចំណុចដាបែកថ្លាង និងចំណុចក្រឡាញ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។
អធិការនគរបាលស្រុកគីរីវង់ លោកវរសេនីយ៍ទោ យ៉ុគ សារ៉ាត់ បានឲ្យដឹងថា ទីតាំងដំណាំកញ្ឆាខាងលើនេះ កម្លាំងធ្លាប់ចុះបង្ក្រាបជាច្រើនលើកមកហើយ ប៉ុន្តែប្រជាពលរដ្ឋនៅតំបន់នោះនៅតែបន្តលួចលាក់ដាំដំណាំកញ្ឆាដោយខុសច្បាប់នេះដដែល ។
លោកបន្តថា នៅដើមឆ្នាំ២០១៧នេះ កម្លាំងរបស់លោកបានចុះបង្ក្រាបដំណាំកញ្ឆាដែលប្រជាពលរដ្ឋលួចដាំដោយខុសច្បាប់ នៅចំណុចខាងលើនេះបានចំនួន៣លើក ដែលមានដើមកញ្ឆាចំនួន១៣៤៨៨២ដើម និងដកហូតកញ្ឆាក្រៀម២៧២គីឡូក្រាមផងដែរ នៅលើទីតាំង៣៧៩ទីតាំង។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៤០នាទី កម្លាំងលោកបានចុះប្រតិបត្តិការបង្ក្រាប និងដុតបំផ្លាញចោលនូវដំណាំកញ្ឆាបានចំនួន១២៨១៣ដើមនៅនឹងកន្លែង លើ៤២ទីតាំងបន្ថែមទៀត ៕ ជាយក្រុង