ខេត្តរតនគិរីៈ លូទឹកស្អុយមួយកន្លែងនៅមុខផ្សារក្រុងបានលុងបានស្ទះបណ្ដាលឲ្យហូរទឹកស្អុយចេញមកលើផ្លូវសាធារណៈប៉ះពាល់ទាំងការធ្វើដំណើរផង សុខភាពប្រជាពលរដ្ឋចេញចូលផង ។
អាជីវករលក់ដូរ នៅមុខផ្សារក្រុងបានលុង បានត្អូញត្អែពីលូទឹកស្អុយ ដែលស្ទះ បណ្ដាលឲ្យទឹកស្អុយហូរចេញមកក្រៅនៅផ្លូវចូលទៅក្នុងផ្សារក្រុងបានលុង ត្រង់ចំណុចផ្លូវកែង ហាងលក់ទូរស័ព្ទដៃ យីហោ ហេងសម្បត្តិ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីធ្វើឲ្យភ្ញៀវមានការ ខ្ពើមរអើម មិនចូលទិញទំនិញ និងមិនចូលបរិភោគចំណីអាហារផង ។
អ្នកលក់ដូរចំណីអាហានៅពេលយប់ បានរៀបរាប់ថា លូនេះស្ទះហូរទឹកស្អុយចេញមកលើថ្នល់ជាង១០ថ្ងៃមកហើយៗ ចាប់តាំងពីលូនេះស្ទះហៀរទឹកស្អុយចេញមកក្រៅ ពួកគាត់លក់ដូរមិនដាច់ទេ ដោយមានទឹកប៉ប៉ិច ប៉ប៉ាច់ និងមានក្លិនស្អុយអាសោតខ្លាំង ។
លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងថា លូក្នុងក្រុងបានលុងមិនទាន់ពេញលក្ខណៈជាលូបង្ហូរទឹកស្អុយនៅឡើយទេ ដោយលូនោះតូច ហើយប្រជាពលរដ្ឋបានចោះបង្ហូរសម្រាមចូលបណ្ដាលឲ្យស្ទះ តែមិនអីទេចាំលោកឲ្យខាងសាធារណៈការមកមើលថា តើត្រូវកែកុនយ៉ាងណា ដើម្បីបណ្ដោះទឹកស្អុយ កុំឲ្យស្ទះ ។
ពលរដ្ឋរស់នៅក្រុងបានលុងលើកឡើងថា អាជ្ញាធរមូលដ្ឋាន ឬជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយឲ្យមានករណីនេះ កើតឡើងយូរថ្ងៃដូច្នេះទេ ពីព្រោះនេះជាក្រុង និងជាទីប្រជុំជន ដែលមានភ្ញៀវជាតិ នឹងភ្ញៀវអន្តរជាតិ ចេញចូលច្រើន ព្រមទាំងប៉ះពាល់ដល់ជីវភាពអាជីវករលក់ដូរទៀតផង។ ម្យ៉ាងទៀត ខាងមន្ទីរសាធារណការនិងមន្ទីរបរិស្ថាន នៅខេត្តរតនគិរីមិនគួរមិនរវល់អើពើចំពោះរឿងនេះទេ វាធ្វើឲ្យ ប៉ះពាល់ផ្សេងៗ ផ្នែកបរិស្ថាន ពិសេសខ្មាស់ភ្ញៀវមក កម្សាន្តទីនោះ ៕ ជាយក្រុង