ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកកោះធំដឹកនាំដោយលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆនបានបើកប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅខាងមុខកាស៊ីណូហ្រ្គេន ប្រចាំច្រកទ្វាជ្រៃធំ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៧កញ្ចប់ធំ-តូច និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២១ និង២០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅត្រង់ចំណុចកាស៊ីណូហ្រ្គេន ប្រចាំច្រកទ្វាជ្រៃធំ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ងន ភារម្យ ហៅហេវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ ទី២-ឈ្មោះ ង្វៀង យ៉ាំងយូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាកសិករ ។ ជនសង្ស័យទាំង២នាក់នេះស្នាក់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់តូច-៣កញ្ចប់ធំ ,ទូរស័ព្ទដៃ០១គ្រឿង និងកាបូបចំនួនមួយផងដែរ ។
លោកអធិការបានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល ក្នុងនាមលោកជាអធិការនគរបាលស្រុកកោះធំបានដឹកនាំកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចេញល្បាតទាំងយប់-ទាំងថ្ងៃ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាក់ស្តែងនៅវេលាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋសំពៅពូនចេញល្បាត បានប្រទះឃើញមុខសញ្ញាជនសង្ស័យកំពុងដើរនៅខាងមុខកាស៊ីណូហ្គ្រេន ក៏ហៅឲ្យឈប់សុំធ្វើការឆែកឆេររហូតរកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ