ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៥ និងនាទី កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីសុីសងមួយកន្លែង និងឃាត់ខ្លួនមនុស្ស២នាក់យកទៅសួរនាំផងដែរ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ល្បែង និងទីតាំងហ្គេមស្ថិតនៅក្នុងខណ្ឌឫស្សីកែវមិនតិចកន្លែងនោះទេ ហើយសមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់់ខ្លួន ឬដកហូតសម្ភារហាក់បីដូចជាចោះៗតាមកន្លែង ជាមួយគ្នានោះទូរហ្គេមមួយចំនួនដែលរឹបអូសយកនៅសល់តែឈើយកមកគរចោលតែប៉ុណ្ណោះ រីឯម៉ាសុីបញ្ជាខួរក្បាលបាត់មិនដឹងទៅណា ។
ទីតាំងហ្គេមខាងលើដែលសមត្ថកិច្ចចុះបង្ក្រាបស្ថិតនៅផ្លូវរថភ្លើងក្រុម៥ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលពីលោក សុិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
បើតាមប្រជាពលរដ្ឋបានាឲ្យដឹងថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះ មិនមែនជាលើកទី១នោះទេ ហើយជនសង្ស័យដែលនាំខ្លួនទៅសួរនាំមានឈ្មោះ ភួង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ រី សារឿន អាយុ២៨ឆ្នាំ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផងដែរ ។
ប្រជាពលរដ្ឋបានសំណុំពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមេត្តាបង្ក្រាបរាល់ល្បែងសុីសងទាំងនោះឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីភូមិឃុំសុវត្ថិភាព និងសន្តិសុខនៅក្នុងទឹកដីខណ្ឌឫស្សីកែវ ៕ អរុណរៈ