ភ្នំពេញ ៖ ស្ងប់ស្ងាត់មួយដង្ហើមខ្លីតារាចម្រៀងចាន់ស្រីនាថលេចមុខជាថ្មីជាមួយនឹងឈុតសម្លៀកបំពាក់ស៊ិចស៊ីប្លែក។ នាងថាជារូបថតថ្មីដែលនាងថតទុកជាអនុស្សាវរីយ៍ទុកមើលនៅថ្ងៃក្រោយពិសេសសម្រាប់ការរៀបចំផ្ទាំងផ្សព្វផ្សាយចេញច្រៀងនៅអូស្ត្រាលី។
ចាន់ ស្រីនាថ បានបាត់មុខមួយរយៈពីការចេញច្រៀងតាមឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា។ នាងបញ្ជាក់ថា ការបាត់មុខមួយរយៈពីការងារសិល្បៈព្រោះតែនាងមានភារៈផ្ទាល់ក្នុងគ្រួសារ ប៉ុន្តែការច្រៀងរបស់នាងនៅតាមក្លឹបកម្សាន្តមិនផ្អាកនោះទេ។ នាងថា ជាឆ្នាំងបាយហើយចោលមិនបានទេការងារច្រៀង ប៉ុន្តែពេលខ្លះការងារច្រើនពេកនាងក៏ចង់ទុកពេលសម្រាកខ្លះៗដែរ។ តារាស្រីរូបនេះលើកឡើងថា នាងនឹងត្រូវចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីក្នុងពេលដ៏ខ្លីខាងមុខនេះ។
នាងថាក្រោយទំនេរបន្តិចនាងបានថតរូបថ្មីដើម្បីទុកជាអនុស្សារីយ៍ហើយរូបថតមួយចំនួននឹងត្រូវប្រើប្រាស់ក្នុងផ្ទាំងផ្សព្វផ្សាយនៃការចេញច្រៀងរបស់នាងដែរ។ នាងថាការថតរូបជាចំណង់ចំណូលចិត្តរបស់នាងព្រោះពេលវេលានឹងផ្លាស់ប្តូរហើយនឹងមានរបស់ដែលនៅសល់ដែរនោះគឺរូបថត។ តារាចម្រៀងប្រចាំក្លិបកម្សាន្តRCAរូបនេះបញ្ជាក់ដែរថារូបថតប៉ុណ្ណឹងគឺមិនជាស៊ិចស៊ីជ្រុលនោះទេ ហើយនាងរំពឹងថាទស្សនិកជនអាចទទួលយកបាន។
ក្រៅពីការច្រៀងនាងនឹងបន្តឆ្លៀតសម្តែងបទចម្រៀងខារ៉ាអូខេនិងឈុតផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនទៀត ជាមួយនឹង កម្មវិធីប្រគុំតន្ត្រីធំៗជាច្រើននៅតាមបណ្តាខេត្តនានានៅពេលខាងមុខផងដែរ៕ វឌ្ឍនា