ប្រទេម៉ាឡេស៊ីបាន បានប្រមាណថា ក្រុមភេរវកម្ម IS អាចភៀសខ្លួនចេញពីប្រទេសអីរ៉ាក់ឆ្ពោះ មកកាន់តំបន់អាស៊ីភាគអាគ្នេយ៍ បង្កើតទីតាំងនៅទីនេះ។
បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីបាន បង្កើនសកម្មភាពការពារយ៉ាងតឹងតែងបំផុត ដោយខ្លាច ក្រោយភេរវករ IS មកទីនេះ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ ម៉ាឡេស៊ី បានប្រកាសថា ក្រុម IS ដែលរងការបរាជ័យនៅអីរ៉ាក់បានឡើងគម្រោង មកកាន់អាស៊ាន ក្រោយរងការវាយប្រហារយ៉ាងខ្លាំង ទាំងនៅក្នុង ប្រទេសអីរ៉ាក់និង ស៊ីរី ។
រដ្ឋមន្ត្រីការពារជាតិ ម៉ាឡេស៊ីលោកHishammuddin Hussein បានលើកឡើងថា អ្វិដែលកើតឡើងនៅតំបន់មជ្ឈឹមបូព៌ា បានជៈឥទ្ធិពលដល់ម៉ាឡេស៊ី ពិសេសគឺក្រោយពេលដែលអីរ៉ាក់ប្រកាសទទួលបានជ័យជំនៈរំដោះទីក្រុង មូសាលពីក្រុម IS ។
កន្លងមកក្រុម IS ធ្លាប់បានប្រកាសថា នឹងបង្កើតទីតាំងថ្មីនៅតំបន់ជាច្រើន ក្នុងនោះមាន សឹង្ហបុរីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ស្ថិតនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ រដ្ឋមន្ត្រីការពារជាតិ ម៉ាឡេស៊ីបញ្ចាក់ទៀតថា ប្រទេសទាំងអស់នៅក្នុងតំបន់ ចាំបាច់ត្រូវតែត្រួតពិនិត្យឲ្យបានល្អិតល្អន់បំផុតពីបញ្ហាខាងលើ។
នៅពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប ដើម្បី ស្នើរសុំព័ត៌មានចារកម្ម ពាក់ព័ន្ធនិង ទីកន្លែង លាក់ខ្លួនថ្មីរបស់ក្រុមភេរវកម្ម និងសកម្មភាពបន្តរបស់ពួកគេ។
បច្ចុប្បន្នម៉ាឡេស៊ីបានបង្កើន ការយាមល្បាតនៅតាមបណ្តោយព្រំដែនរបស់ខ្លួន និង បញ្ចូនកម្លាំង បន្ថែមទៅកាន់ដែនសមុទ្រ Sulu ជិតទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន ជាកន្លែង ដែលក្រុម IS កំពុងតែធ្វើសកម្មភាពនៅទីនោះ។
ចំណែក រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរីវិញលោក Ng Eng Hen បានលើកឡើងថា ក្រុមភេរវកម្ម បានក្លាយទៅជាក្តីបារម្ភពីសន្តិសុខធំបំផុតនៅក្នុងតំបន់ ហើយហ្វីលីពីនបានក្លាយទៅជាទីកន្លែងចូលតំបូងគេរបស់ក្រុម IS ។
ការព្រួយបារម្ភរបស់ប្រទេស សឹង្ហបុរីកើតឡើង បន្ទាប់ពី ក្រុមអ្នកគាំទ្រភេរវកម្ម IS នៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី បានបញ្ជាក់ថា សឹង្ហបុរី គឺជាផ្នែកមួយនៃ ប្រទេស របស់ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍។ ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពខាងលើ អាចជម្រុញឲ្យក្រុមភេរវកម្ម បើកការវាយប្រហារនៅទីនេះ។
កាលពិសប្តាហ៍កន្លងមក មហាវិទ្យាល័យស្រាវជ្រាវអន្តរជាតិ S. Rajaratnamបានបង្ហាញអត្ថបទវិភាគ របស់ អ្នកឯកទេសវិភាគ Jasmindersinghបញ្ជាក់ថា សឹង្ហបុរី គឺស្ថិត នៅក្នុងបញ្ជី ទីតាំង ដែលក្រុមភេរវកម្ម IS ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍។ ក្រៅពីនេះនៅមានប្រទេស ដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន ,តំបន់ភាគខាងត្បូងប្រទេសថៃ , មីយ៉ានម៉ា និងជប៉ុនជាដើម។
លោកJasmindersinghបានបញ្ជាក់ថា ក្រុម IS បានជ្រើសរើសយកប្រទេសខាងលើ ធ្វើជាទីតាំងរបស់ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍ ក្រោយពេលទីតាំងរបស់ពួកគេនៅមជ្ឈឹមបូព៌ាប្រឈមនឹងការបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកឯកទេសវិភាគខាងលើបានបញ្ចាក់ទៀតថា « ខ្មាន់កាំភ្លើងបរទេស កំពុងតែ សម្រុកមក តំបន់អាស៊ានដើម្បីអនុវត្តគម្រោង បង្កើតប្រទេសនៅក្នុងតំបន់ នេះ»។ ក្រុមភេរវកម្ម អាចនឹង បញ្ចុះបញ្ចូល ខ្មាន់កាំភ្លើងបើកការវាយប្រហារ នៅតំបន់ អាស៊ាន ប្រសិនបើ ខ្មាន់កាំភ្លើងទាំងនោះមិនអាចធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាចូលរួមជាមួយក្រុម IS នៅទីនោះ គឺអាចវាយប្រហារនៅនឹងកន្លែង។
ក្រសួងមហាផ្ទសសឹង្ហបុរីបានប្រកាសថា ប៉ូលិស ពីរនាក់ នៅក្នុងប្រទេសនេះត្រូវបានចាប់ខ្លួន ដោយសារតែជាប់ពាក់ព័ន្ធនិងសកម្មភាពវាយប្រហារភេរវកម្ម។ ការចាប់ខ្លួនធ្វើឡើងទៅតាមច្បាប់សន្តិសុខផ្ទៃក្នុង ISA របស់សឹង្ហបុរី។
ប៉ូលិសម្នាក់ឈ្មោះ Muhammad Khairul Mohamed អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីចុងខែឧសភា ដោយចោទប្រកាន់ថា បានឡើងគម្រោង ធ្វើដំណើរទៅកាន់ប្រទេសស៊ីរីចូលរួម ជាមួយក្រុមភេរវកម្ម ប្រឆាំងនិងរដ្ឋាភិបាលលោក អាល់ អាសាដ ។ ប៉ូលិសម្នាក់ទៀតឈ្មោះ Mohamad Rizal Wahid អាយុ៣៦ឆ្នាំ ត្រូវបានចាប់ចខ្លួន ពីបទ គាំទ្រ គម្រោង របស់ មិត្តរួមការងា ក្នុងការចូលរួមជាមួយក្រុមភេរវកម្ម។
ប៉ូលិសទាំងពីរនាក់ខាងលើមានតួនាទី ត្រួតពិនិត្យសន្តិសុខ នៅតាំង អគារ ខ្ពស់ និង តំបន់ដែលមានមនុស្សច្រើន ។
ដើម្បីទប់ស្កាត់ក្រុមភេរវកម្មពង្រីកទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី ទាំងសហរដ្ឋអាមេរិកនិង ចិន បានផ្តាល់អាវុធ ជាច្រើនឲ្យហ្វីលីពីនដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម ។កន្លងមកចិនបានផ្តល់កាំភ្លើងរាប់សិបពាន់ដើមដល់ហ្វុីលីពីនដើម្បីជួយដល់ប្រទេសនេះ ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មម៉ៅតេ ដែលមានភាពជិតស្និទ្ធជាមួយក្រុម IS នៅទីក្រុងម៉ារ៉ាវី។ នេះជាលើកទី១ដែល ចិនផ្តល់អាវុធកម្ចាត់ក្រុមភេរវកម្មចាប់តាំងពីក្រុម IS បានដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ជាង១ខែកន្លងមក។
ប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរ តេ បានចូលរួមពិធីទទួលកាំភ្លើងទាំងនោះនៅក្នុងទីតាំងទ័ពអាកាស Clark ក្នុងតំបន់ Pampanga ប្រទេសហ្វុីលីពីន កាលពីថ្ងៃ ទី២៨ ខែមិថុនា ។ អគ្គរដ្ឋទូតចិនប្រចាំនៅហ្វុីលីពីនជាអ្នកតំណាងឲ្យរដ្ឋាភិបាលចិនប្រគល់អាវុធទាំងនោះឲ្យទៅហ្វុីលីពីន។
កាំភ្លើងដែលចិនបានប្រគល់ឲ្យហ្វុីលីពីន មានតម្លៃប្រមាណ៧,៣៥លានដុល្លារ។ នៅក្នុងពិធីទទួលអំណោយកាំភ្លើងពីចិន ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានបញ្ជាក់ថា នេះជាការចាប់ផ្តើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងចិននឹងហ្វុីលីពីន។
បច្ចុប្បន្ន ពលរដ្ឋស្លូតត្រងជាច្រើនត្រូវបានក្រុមភេរកម្ម IS ចាប់ធ្វើជាចំណាប់ខ្មាំង នៅទីក្រុងម៉ារ៉ាវី ។ មិនត្រឹមតែប៉ុណ្ណោះក្រុម ពលរដ្ឋរស់នៅក្នុងស្ថានភាព ទុក្ខវេទនាយ៉ាងខ្លាំងដោយ ត្រូវ បង្ខំឲ្យកាន់កាំភ្លើង វាយប្រហារប្រឆាំងរដ្ឋាភិបាល។ លើសពីនេះទៅទៀត បានចាប់បង្ខំស្ត្រីធ្វើជាទាសករ បម្រើផ្លូវភេទ ដល់ក្រុមភេរវករ ។
កម្លាំងទាហានហ្វីលីពីន បានទទួលព័ត៌មានពី ពលរដ្ឋដែលបានរត់ចេញពី ទីក្រុងម៉ារ៉ាវីបានឲ្យដឹងថា ចំណាប់ខ្មាំងត្រូវបានបង្ខំ ឲ្យប្តូរសាសនា ហើយបញ្ចូនទៅកាន់ព្រះវិហារ ។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនលោក Jo ArHrreraបានបញ្ចាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៧ខែមិថុនាថា «ទាំងនោះជាអ្វីដែលបានកើតឡើង នៅទីក្រុង ម៉ារ៉ាវី។ ទាំងនោះជាសកម្មភាពអនុស្សធម៌បំផុត»៕