ភាពតានតឹង រវាងឥណ្ឌានិងចិននៅតាមបណ្តោយព្រំដែនបង្ករក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាម ផ្ទះឡើងរវាងប្រទេសមហាអំណាចបរមាណូ ទាំងពីរនៅអាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បាន ផ្សាយថា ទីក្រុងប៉េកាំងបានត្រៀមលក្ខណធ្វើសង្គ្រាមយូអង្វែងជាមួយឥណ្ឌា។
សារព័ត៌មានចិនបានផ្សាយថា ចិនបាន បញ្ចូន អាវុធ គ្រាប់រំសែវ ជាង ១០ពាន់តោន ទៅកាន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែលកំពុងតែមានការប្រឈមមុខតានតឹងដាក់គ្នា។ អាវុធទាំងនោះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់កងពលប្រចាំងភូមភាគ ខាងលិច ក្នុងនោះមានទីបេ និង ដោះស្រាយវិវាទ ជាមួយឥណ្ឌា ។
សកម្មភាពបញ្ចូន អាវុធខាងលើធ្វើឡើង តាំងពីដើមខែ មកម៉្លោះ ដោយដឹកជញ្ជូនតាមរថយន្តនិង រថភ្លើង ។ កាលពីថ្ងៃទី១៨ខែកក្កដា បណ្តាញទូរទស្ស ចិនបានផ្សាយថា កម្លាំងទាហាន ប្រទេសនេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ខ្ពងរាម ទីបេ។ ទីតាំង ធ្វើសមយុទ្ធនៅមិនឆ្ងាយប៉ុន្មានឡើយពី តំបន់ត្រីកោណ មានវិវាទ រវាងឥណ្ឌា ប៊ូតាន និង ចិន។
ការបញ្ចូនអាវុធចូលទៅកៀកតំបន់មានវិវាទក្នុងគោលដៅ ត្រៀមធ្វើសង្គ្រាមបើ មានការវាយប្រហារកើតឡើងនោះ អាវុធជួយអន្តរគមន៍របស់ចិននឹងទៅដល់ទីតាំង
ទាន់ពេលវេលា។
លោក Ni Lexiong អ្នកឯកទេសវិភាគយោធា នៅសៀងហៃ បានឲ្យដឹងថា សកម្មភាពរបស់ចិនក្នុងគោលដៅ ដាក់គំនៀបទៅលើប្រទេសឥណ្ឌា ឲ្យអង្គុយតុពិភាក្សា ដើម្បីបញ្ចៀសសង្គ្រាមកើតឡើង ដូចកាលពីឆ្នាំ១៩៦២។ អ្នកឯកទេសខាងលើ ក៏បានបញ្ចាក់ទៀតថា សកម្មភាពរបស់ចិន គឺបានបង្ហាញថា ចិនមានកម្លាំងអាវុធនិងយោធានាំមុខលើឥណ្ឌា។
ចំណែករដ្ឋមន្ត្រីការពារជាតិឥណ្ឌា វិញ លោក Arun Jaitley បានបញ្ចាក់ថា «ឥណ្ឌានៅក្នុងឆ្នាំ២០១៧នេះ ខុសពីឥណ្ឌាកាលពីឆ្នាំ ១៩៦២»។ ចំណែករដ្ឋមន្ត្រីការពារជាតិចិនវិញ ក៏បានបញ្ចាក់ថា«ចិន ពេលនេះក៏ខុស ពីចិនកាលពីជាង៥៥ឆ្នាំមុខ»។
ការបញ្ចូនអាវុធរបស់ចិន ទៅកាន់តំបន់វិវាទ កើតឡើង បន្ទាប់ពីឥណ្ឌាបានបញ្ចូនកម្លាំងទាហាននិងអាវុធចូលទៅកាន់តំបន់ព្រំដែនដែលមានវិវាទផងដែរ។ កន្លងមកថ្មីៗ កម្លាំងទាហានឥណ្ឌា បានបញ្ជូនបន្ថែមទៅកាន់ព្រំដែន ស្ថិតនៅក្នុងតំបន់ត្រី កោណ រវាងប្រទេសឥណ្ឌា ចិន និង Bhutan ដើម្បីទប់ទល់ហេតុការណ៍អាក្រក់ ដែលអាចកើតឡើង។
កម្លាំងទាហានឥណ្ឌានៅតាមព្រំដែន បានត្រៀមលក្ខណៈធ្វើសង្គ្រាមខ្ពស់ ក្រោយពីមានភាពតានតឹង រវាងឥណ្ឌានឹងចិន។នេះគឺជាសកម្មភាពថ្មីរបស់ឥណ្ឌាដើម្បីទប់ទល់ជាមួយចិនដែលបានបញ្ជូនទាហានទៅកាន់ព្រំដែនស្ថិតនៅតំបន់ Khamba Dzong និង តំបន់ Chumbi ។
បច្ចុប្បន្ន ភាពតានតឹងបានកើតឡើងនៅតំបន់ខ្ពង់រាប Doklam គ្រប់គ្រងដោយប្រទេស Bhutan ប៉ុន្តែភាគីចិនក៏បានប្រកាស ថាតំបន់នោះស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ខ្លួន ។ ឥណ្ឌា និង ប៊ូតាន បានចោទប្រកាន់ចិន សាងសង់ផ្លូវ ពីតំបន់ Chumbi ទៅកាន់តំបន់ Doklam ។ រដ្ឋាភិបាលប៊ូតាន ក៏បានផ្ញើលិខិត ស្នើដល់ប្រទេសចិន ដកចេញនិង រក្សាសភាពដើមនៅទីនោះ។ចំណែកឥណ្ឌា ចាត់ទុកការសាងសង់ផ្លូវ ដោយមិនមានការឯកភាពគឺជាការប៉ុនប៉ងផ្លាស់ប្តូរបន្ទាត់ព្រំដែន រវាងប្រទេសទាំង ៣។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានបញ្ជាក់ថា សកម្មភាពខាងលើនឹងធ្វើឲ្យ បន្ទាត់ព្រំដែនមានការ ប្រែប្រួល ដូចដែលចិនបានធ្វើពីអតីតកាល។ ចំណែកចិន វិញ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រកាស ស្នើឲ្យឥណ្ឌាដកទាហានចេញពី« ទឹកដីដែលត្រូវបាន ទទួលស្គាល់ជារបស់ចិន»។
ប៊ូតានជាប្រទេសតូចមួយ ដែលមាន ព្រំដែនភាគច្រើនជាប់ប្រទេស ចិន ។ប៊ូតានមានទំនាក់ទំនងយ៉ាងល្អជាមួយ ឥណ្ឌាតាំងពីដើមមក ហើយនៅពេលដែល ចិនមានសកម្មភាពបញ្ជូនទាហាន ទៅព្រំដែននិងសាងសង់ផ្លូវខុសច្បាប់នោះ ប្រទេសនេះក៏បានស្នើឲ្យឥណ្ឌាជួយធ្វើអន្តរាគមន៍ ដោយមានតែឥណ្ឌាប៉ុណ្ណោះ ដែលអាចទប់ទល់ជាមួយចិនបាន ។
ចិននិងឥណ្ឌា ជាប្រទេសមហាអំណាច បរមាណូ ដូចគ្នា និងមានសេដ្ឋកិច្ច រីកចម្រើនជាងគេនៅតំបន់អាស៊ីនាពេលចុងក្រោយនេះ ។ ឥណ្ឌានិងចិនតែងតែប៉ះ ទង្គិចគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយ ព្រំដែន ហើយភាគច្រើនទាហានចិន ជា អ្នកឈ្លានពានចូលក្នុងទឹកដីឥណ្ឌាមុន ឬចិន ជាអ្នកវាយប្រហារទៅលើទីតាំងរបស់ឥណ្ឌា នៅព្រំដែន។ វិវាទនៅតាម បណ្តោយព្រំដែន បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីប្រទេសនៅក្នុងតំបន់ ខ្លាចរាល ដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំ។
នៅដើមខែកក្កដា នេះឯកអគ្គរដ្ឋទូត ចិនប្រចាំនៅប្រទេសឥណ្ឌា បានព្រមានថាវិវាទនៅ តាមបណ្តោយព្រំដែន ចិន-ឥណ្ឌា ក្នុង តំបន់ភ្នំ Himalaya (ហិមពាន្ត)គឺជា ការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល៣០ឆ្នាំកន្លងមក។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌា លោក Luo Zhaohuiបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចិនបានរិះគន់យ៉ាងខ្លាំងដល់សកម្មភាពបង្កើនទាហាននៅព្រំដែន រួមរបស់ឥណ្ឌា និងចិនហើយអំពាវនាវឲ្យដោះស្រាយវិវាទខាងលើ តាមរយៈកិច្ចការបរទេស។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហានម្ខាងៗប្រមាណ ៣០០០នាក់ ទៅកាន់ព្រំ ដែន តំបន់ Sikkim, Bhutan , តំបន់ទីបេ។
ការបង្កើនកម្លាំងនិងអាវុធរបស់ ប្រទេស ឥណ្ឌានិងចិន នៅតាមបណ្តោយព្រំដែនបាន បង្ករក្តៅបារម្ភយ៉ាងខ្លាំង ខ្លាចប្រទេសទាំងពីរផ្ទុះសង្គ្រាមដាក់គ្នា ។
បច្ចុប្បន្ន ឥណ្ឌា និងចិន មានអាវុធទំនើបៗជាច្រើន មិនអាច ប្រៀបធៀបបានថា ភាគីណាមួយ មានអាវុធល្អជា ឬភាគីណាមួយជាអ្នកឈ្នះបើមានសង្គ្រាមកើតឡើងនោះ ។ រយៈប៉ុន្មានឆ្នាំមកនេះ ឥណ្ឌាបានចំណាយប្រាក់រាប់សិបពាន់លានដុល្លារ លើវិស័យអាវុធ ដោយទិញអាវុធមកពីក្រៅប្រទេសជាច្រើន ក៏ដូចជាអាវុធផលិតនៅក្នុងស្រុកជាដើម។ ចំណែកចិន វិញក៏ដូចគ្នា គឺបានពង្រឹងវិស័យអាវុធនិង យោធាកាន់តែរឹងម៉ាំថែមទៀត៕