កុមារាអាយុ៤ឆ្នាំម្នាក់ដើរវង្វេងផ្ទះត្រូវអភិបាលខណ្ឌពីរូបនិងឯកឧត្តមមួយរូបជួយយកទៅមន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ ​កុមារា​អាយុ ៤ឆ្នាំម្នាក់ ដើរវង្វេងផ្ទះត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញ យកទៅ​ប្រគល់ឱ្យនគរបាលប៉ុស្តិ៍​ទឹកថ្លា ត្រូវបានលោកអភិបាលខណ្ឌពីរូបនិងឯកឧត្តមមួយរូបជួយយកទៅព្យាបាលនៅគ្លីនិកឯកជន ទើបឪពុកម្តាយទៅរកឃើញ។

ហេតុនេះមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីពីសមត្ថកិច្ចបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រទះឃើញកុមារាម្នាក់ ដើរអត់ពាក់អាវ និងមានស្នាម​រលាកនៅដើមទ្រូងបានដើរតាមផ្លូវក្នុងសភាពវង្វេងផ្ទះ ​ក៏បានហៅមកសួរនាំ តែក្មេងប្រុសម្នាក់នោះមិននិយាយស្តីអ្វីសោះ ក៏យកទៅប្រគល់អោយនគរបាលប៉ុស្តិ៍​រដ្ឋបាលទឹកថ្លា ។ ខណៈពេលទៅដល់ប៉ុស្តិ៍សមត្ថកិច្ចបានសួរនាំ តែក្មេងប្រុសម្នាក់នោះនៅតែមិនព្រមនិយាយស្តីអ្វីទាំងអស់ ទើបសមត្ថកិច្ច​បានរាយការណ៍តាមវិទ្យុទាក់ទងដើម្បីស្វែងរកសាច់ញាតិ រួមទាំងទិញអាវថ្មីយកមកពាក់ឱ្យ និងទិញបាយយកមកឱ្យហូប រួចគេក៏បានដេកលក់បាត់ទៅ ។

​បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីរើសបានកុមារាម្នាក់មក ឃើញមាន​វត្តមានលោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ ​លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ និងលោក​ ជុំ កុសល បានចុះទៅមើលកុមារាខាងលើ ឃើញមានសភាពស្លេកស្លាំងពេក ខ្លាច​មានជំងឺក៏បានបញ្ជូនទៅមន្ទីរសម្រាកព្យាបាលប៊ុនថន ដើម្បីឱ្យគ្រូពេទ្យ​ពិនិត្យសុខភាព ។ លុះមួយសន្ទុះក្រោយមកទើបឳពុកម្តាយរបស់កុមារា ​បានមកដល់គ្លីនិកដែរ ។

ឪពុករបស់កុមាររងគ្រោះឈ្មោះ សុខ ជា អាយុ២២ឆ្នាំ មុខរបរដើររើសអេតចាយបានឱ្យដឹងថា និងម្តាយមានឈ្មោះ អាត ចិន្តា អាយុ២១ឆ្នាំ មុខរបរដើររើសអេតចាយដូចគ្នា ស្នាក់នៅម្តុំខាងក្រោយវត្តពោធិ៍ចិនតុង តាមផ្លូវរថភ្លើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពួកគេទាំងពីរនាក់ប្ដីប្រពន្ធ ​មានកូនចំនួន ពីរនាក់ ហើយកូនប្រុសដែលវង្វេងផ្ទះមានឈ្មោះ សុខ ជាតិ អាយុ ៤ឆ្នាំ និងកូនស្រីម្នាក់ទៀតអាយុពីរខែ ។

ឪពុកម្តាយកុមាររង្វេងផ្ទះបានឱ្យដឹងថា គ្រួសាររបស់ពួកគេទើបតែផ្លាស់មកនៅទីនេះ (ទីតាំងខាងលើ) ​បានរយៈពេល ៥ថ្ងៃ​ទេ ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃកើតហេតុ គាត់ និងប្រពន្ធរួមទាំងកូនស្រីពៅ បានទៅខ្ចីលុយគេចំនួន ៥០ដុល្លារដើម្បីយកមកទិញកង់ទុកគ្រាន់​ជិះដើររើសអេតចាយ ដោយទុកកូនប្រុសបងអោយនៅលេងជាមួយក្មេងៗដទៃទៀតនៅក្បែរផ្ទះ ។ ខណៈពេលដែលត្រឡប់មកវិញ ស្រាប់តែមិនឃើញកូន​ ក៏បានដើររក ហើយត្រូវប្រជាពលរដ្ឋប្រាប់ឱ្យទៅរកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

ស្រ្តីជាម្តាយបានបញ្ជាក់ទៀតថា ស្លាកស្នាម​នៅលើទ្រូងកូនរបស់គាត់ គឺជាស្នាមរលាកឆ្នាំងទឹកសណ្តែក តាំងពីគេបានអាយុ ២ឆ្នាំម្ល៉េះ ពីព្រោះកាលណោះ គាត់បានធ្វើទឹកសណ្តែកដើម្បីទុកអោយកូនបៅ តែដោយសារតែទុកមិនប្រយ័ត្ន បណ្តាលឱ្យកូនរបស់គាត់រត់ទៅប៉ះឆ្នាំង កំពប់ស្រោចលើ​រលាកតែម្តងទៅ ។

កុមារាដែលវង្វេងផ្ទះនេះ បន្ទាប់ពីជួបជុំឪពុកម្តាយ លោកអភិបាលខណ្ឌទាំង ២ក៏បានប្រគល់ ទៅឱ្យឪពុកម្តាយវិញ ដោយលោកអភិបាលខណ្ឌសែនសុខ ជាអ្នកចេញថ្លៃសេវាព្យាបាល នៅគ្លីនិក លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភកង់មួយគ្រឿងដល់ឪពុកម្តាយកុមារា ដែលជាអ្នករើសអេតចាយ និងលោក ជុំ កុសល បានឧបត្ថម្ភប្រាក់ចំនួន ១៥០ដុល្លារ ព្រមទាំងមានចាងហ្វាងវេបសាយមួយ បានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០ដុល្លារបន្ថែមទៀត ៕
តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print