ខេត្តបន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យបានបំបែកសំណុំរឿងឃាតកម្មគ្រោងទុកជាមុន ស្នេហាត្រីកោណ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ។
ក្រោយពីមានអំពើវាយសម្លាប់អ្នកបើករថយន្តតាក់ស៊ីម្នាក់នៅក្នុងក្រុងសិរីសោភ័ណហើយដឹកសពតាមរថយន្តជនរងគ្រោះទៅឱ្យតាអាចារ្យដុតសពចោលក្នុងវត្តពង្រកងវ៉ា ក្រុងសិរីសោភ័ណ ដើម្បីបំបាត់ភស្ថុតាង។ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងក្រោយកើតហេតុ៣ទៅ៤ម៉ោងចន្លោះពីល្ងាច ថ្ងៃទី២២ និងដល់យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីមានអំពើឃាតកម្មកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវចូលទៅចំការត្របែក ក្បែរវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការបំបែកសំណុំរឿងឃាតកម្មខាងលើដោយជោគជ័យត្រូវគេមើលឃើញថា ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តាំងលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ធ្ងន់ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តសហការនិងនគរបាលក្រុងសិរីសោភ័ណ ក្នុងនោះក៏មានការសម្របសម្រួលនីតិវិធី ពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៤នាក់រងការឃាត់ខ្លួនមានឈ្មោះ ១,ហេង ឃៀង ភេទប្រុសអាយុ២៣ឆ្នាំ ប្រកបមុខរបរជាគ្រូបង្រៀន រស់នៅភូមិ ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ជននេះជាអ្នកមេខ្លោងផ្តួចផ្តើមគំនិតរៀបចំគម្រោងសម្លាប់ ជនរងគ្រោះ ២,នួន មេត្តាហៅម៉ៅ ភេប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៣,ផាន ចាវ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង៤,ចៅ សុវណ្ណហៅកាន់ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិបារ៉ែត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជនសង្ស័យទាំង៣នាក់ជាអ្នកផ្សំគំនិត។ ចំណែកជនរងគ្រោះមានឈ្មោះ ជា រដ្ឋថុល ភេទប្រុសអាយុ២៨ឆ្នាំ ប្រកបមុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា រវាងជនរងគ្រោះឈ្មោះ ជា រដ្ឋថុល និងជនសង្ស័យជាមេខ្លោងឈ្មោះហេង ឃៀងជាអ្នករៀបចំគម្រោងសម្លាប់ជនរងគ្រោះ ពួកគេមានទំនាក់ទំនងស្នេហាត្រីកោណជាមួយគ្នា ដោយស្រ្តីម្នាក់ជាប្រពន្ធលួចលាក់ជាមួយជនរងគ្រោះ បានផ្តាច់ចំណងស្នេហាពីជនរងគ្រោះទៅ ស្រលាញ់រស់នៅជាមួយនិងជនសង្ស័យឈ្មោះហេង ឃៀង ក្រោយពីបង្កើតឡើងនូវស្នេហាត្រីកោណបែបនោះរួចហើយ ។
រវាងជនរងគ្រោះឈ្មោះ ជា រដ្ឋថុល និងជនសង្ស័យឈ្មោះហេង ឃៀង តែងតែមានការឈ្លោះគ្នាគំរាមសម្លាប់គ្នាទៅវិញទៅមកជាបន្តបន្ទាប់។លុះក្រោយមកជនសង្ស័យនិងបក្ខពួកបានរៀបចំគម្រោងដើម្បីសម្លាប់ជនរងគ្រោះចំនួន៥ទៅ៦លើកមកហើយ តែមិនបានសម្រេច ដោយឱ្យបក្ខពួកជនសង្ស័យហៅជនរងគ្រោះជាអ្នករត់រថយន្តតាក់ស៊ី មកយកម៉ូយ ប៉ុន្តែជនរងគ្រោះមិនមកនោះឡើយ ហើយពួកគេក៏ថែមទាំងរៀបចំគម្រោងហើយជាស្រេចផងដែរទៅប្រាប់តាអាចារ្យនៅក្នុងវត្តពង្រកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័យ ថា២ទៅ៣ថ្ងៃទៀត និងមានបងប្អូននៅប្រទេសថៃក្រីក្រឈឺកើតមហារីកមិនអាចព្យាបាលបានហើយនិងស្លាប់យកមកដុតនៅក្នុងវត្តពង្រកងវ៉ានោះតែម្តងដោយឱ្យតាអាចារ្យត្រៀមក្តាម្ឈូសទុកជាស្រេចទៀតផង នៅពេលនោះតាអាចារ្យក៏ជឿក៏បានត្រៀមក្តាម្ឈូសរួចហើយនោះផងដែរ។
លោកស្នងការរងប្រាប់ឱ្យដឹងទៀតថានៅថ្ងៃកើតហេតុខាងលើស្រាប់តែក្រុមជនសង្ស័យ មានអ្នកខ្លះក្លែងខ្លួនពាក់សម្លៀកបំពាក់បន្លំជាសមត្ថកិច្ច ក៏បានរៀបចំគម្រោងម្តងទៀតហៅទូរស័ព្ទទៅជនរងគ្រោះមកដឹកម៉ូយនៅចំណុចកើតហេតុខាងលើថាមានម៉ូយទៅក្រុងប៉ោយប៉ែត។បន្ទាប់មកជនរងគ្រោះក៏បានបើករថយន្តលុចស៊ីសមីនី៣០០ ពណ៌លឿង មកយកម៉ូយតាមការណាត់ជួបរបស់ក្រុមជនសង្ស័យ នៅកន្លែងស្ងាត់ខាងលើ ។
នៅពេលមកដល់កនលែងណាត់ជួនក៏ក្រុមបក្ខពួកជនសង្ស័យនាំគ្នាចាប់ជនរងគ្រោះរុំមុខនិងក្រណាត់វាយសម្លាប់ដាក់ក្នុងរថយន្តជនរងគ្រោះ ដឹកឆ្ពោះទៅវត្តពង្រកងវ៉ា។ នៅពេលដល់វត្តតាអាចារ្យក៏បានរៀបចំដុតសពចោលតែម្តង បន្ទាប់ពីរវាងតាអាចារ្យនិងជនសង្ស័យបាននិយាយគ្នារួចទៅហើយនោះ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឱ្យដឹងទៀតថាអំពើឃាតកម្មនោះត្រូវបានអ្នកភូមិឃើញ ហើយមកសួរសមត្ថកិច្ចថាមានសមត្ថកិច្ចចាប់មនុស្សដាក់រថយន្តនៅចំណុចកើតហេតុមានបញ្ហាអ្វី។សមត្ថកិច្ចស្រាវជ្រាវទៅនៅថ្ងៃកើតហេតុគ្មានសមត្ថកិច្ចណាចាប់មនុស្សនោះឡើយ។បន្ទាប់មកក៏មានការភ្ញាក់ផ្អើលឆោឡោដល់ក្រុមគ្រួសារជនរងគ្រោះដោយបាត់ជនរងគ្រោះមិនដឹងទៅទីណាហើយក៏បានមកប្តឹងសមត្ថកិច្ច។
កម្លាំងនគរបាលក៏ចាប់ផ្តើម បើកធ្វើការស្រាវជ្រាវស៊ើបអង្កេតទៅដល់វត្តពង្រកងវ៉ា ហើយសាច់ញាតិជនរងគ្រោះបានឃើញផួយ ជនរងគ្រោះដាក់ជាប់ក្នុងរថយន្តត្រូវបានជនសង្ស័យរុំសពមកដុតនៅវត្តពង្រកងវ៉ា ទើបសមត្ថកិច្ចសនិដ្ឋានថា សពជនរងគ្រោះត្រូវបានគេយកមកដុតចោលក្នុងវត្ត និងសួរនាំតាអាចាររ្យថាមានមនុស្សមួយក្រុមប្រាប់ថាមានបងប្អូនគេឈឺស្លាប់នៅប្រទេសថៃដឹកសពយកដុតនៅក្នុងវត្តនេះ ទើបគាត់ជាតាអាចារ្យដុតសពនោះតែម្តង។ពួកគេជនសង្សយប្រាប់តាអាចារ្យទៀយថា បន្តិចទៀតមានសាច់ញាតិមករើសយកឆ្អឹងនោះហើយ ពួកគេក៏នាំគ្នាជិះរថយន្តទៅបាត់។
លោកស្នងការប្រាប់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតកំណត់បានមុខសញ្ញាជនសង្ស័យរួចហើយ សមត្ថកិច្ចក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់៤នាក់ខាងលើចំណែករថយន្តជនរងគ្រោះត្រូវបានជនសង្ស័យជិះយកទៅលាក់ទុកនៅផ្ទះបងប្អូននៅស្រុកស្វាយចេក។ជនសង្ស័យកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
សំណុំរឿងឃាតកម្មនេះដែរ នៅមានជនជាប់ពាក់ព័ន្ធ៣នាក់ទៀតពួកគេកំពុងរត់គេចខ្លួនសមត្ថកិច្ចបន្តតាមស្វែងចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត៕ សំ វិច្ឆិកា