ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ នារសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧កន្លងមកនេះបានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ច្រកចេញចូលតែមួយ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ។
លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុបានឱ្យដឹងថា មន្ទីរបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាម យន្តការច្រកចេញ ចូលតែមួយ ដែលបានអនុវត្តរយៈពេលនៃការផ្តល់សេវាសាធារណៈតាមប្រកាសលេខ ០៨៩ប្រក.បក ចុះថ្ងៃ ទី២២ ខែមិនា ឆ្នាំ២០១៣ របស់ក្រសួង ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ស្តីពីគោលការណ៍ និងនិតិវិធីនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ។
លោកប្រធានមន្ទីរដែនដីបន្តថា ការងារ ដែលយើងអនុវត្តបានកន្លងមកមានដូចជា វិស័យសំណង់មានការស្នើរសុំគ្រប់ប្រភេទចំនួន៤ករណី ។ អនុម័តគ្រប់ប្រភេទបាន ចំនួន៣ករណី និងប្រមូលសេវាសំណង់ បានចំនួន២២,០០០, ០០០រៀល ។
ចំពោះវិស័យដីធ្លីស្នើរសុំគ្រប់ប្រភេទចំនួន៦២៥ ករណីអនុម័តគ្រប់ប្រភេទបានចំនួន២៥៩ ករណី និងប្រមូលសេវាសំណង់បានចំនួន ៩៣,៤៤០,០០០រៀល ។ ទន្ទឹមនឹងលទ្ធ ផលដែលមន្ទីរសម្រេចបានពេលនេះ គឺដោយសារការចូលរួមរបស់មន្ទីរដែនដី ការិយាល័យដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីក្រុង ស្រុកទាំងបួនបានបម្រើសេវាតាមយន្តការច្រកចេញចូលតែមួយ ។
លោក នួន ប៉ុក បានបញ្ជាក់ថា ទន្ទឹមនោះក៏មានបញ្ហារប្រឈមមួយចំនួនមាន ដូចជា (ការចុះបញ្ជីដីធ្លីបំពេញបន្ថែម) រយៈពេលបិទផ្សាយលើកទី១ទី២ និងរបាយការណ៍បូកសរុបឯកសារនៃការវិនិច្ឆ័យមានគម្លាតគ្នាឆ្ងាយឯកសារបង់ពន្ធនៅសាខា ពន្ធដារមានពេលយូរជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋដាក់បន្ទុកមកលើមន្ទីររៀបចំដែនដី ។ ក្នុងនោះការចូលរួមរបស់អាជ្ញាធរមួយចំនួននៅមានកម្រិត ប្រជាពលរដ្ឋខ្វះខាតព័ត៌មានក្នុងការចុះបញ្ជីដីធ្លី និងសំណង់ ការស្នើរសុំសេវាផ្សេងៗមានកាកើនឡើងខ្លាំង ។
លោក នួន ប៉ុកបានបន្តថា មន្ទីរមានទិស ដៅជម្រុញមន្ត្រីឱ្យខិតខំបម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរបន្តទៀតបញ្ជូនមន្ត្រីឲ្យចូលរួមវគ្គ បណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពការ ងារជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាតាមតម្រូវការលុប បំបាត់អំពើរពុករលួយក្នុងស្ថាប័នអង្គភាព បន្តការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាពប្រសិទ្ធិភាព គុណភាពអាចជឿ ទុកចិត្តបាន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងបង្កលក្ខណៈងាយ ស្រួលដល់អ្នកមកទទួលសេវានៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីកាន់តែល្អប្រសើរបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋយើង ។
លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានថ្លែងកោតសរសើរចំពោះមន្ត្រីមន្ទីររៀបចំដែនដីដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពល រដ្ឋជាអាជីវករ ពាណិជ្ជករនាពេលកន្លងមកបានល្អប្រសើរ ដោយសារតែមន្ត្រីរបស់យើងមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ និងមាន សមត្ថភាពក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ថ្វីត្បិតតែការងារមួយចំនួនមានការលំបាក ស្មុគស្មាញ យ៉ាងណាក៏ដោយក៏មន្ត្រីសុរិយោដីបានបំពេញការងារមិនក្លាចនឿយហត់ឆ្លងកាត់ភ្លៀងខ្យល់ដោយមិនរុញរា ហើយរាល់សកម្មភាពនេះសបញ្ជាក់ថា មន្ត្រីសុរិយោដីក្រុង ស្រុកបានបំពេញការងារតាមជំនាញរៀងៗខ្លួនទទួលខុសត្រូវ បានលទ្ធផល្អប្រសើរ ។ ទន្ទឹមនឹងអនុវត្ត ការងារបានល្អយើងត្រូវតែខិតខំបន្តទៀត ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រោះយើងជាមន្ត្រីមានកាត្តព្វកិច្ចបំរើសេវាជូនប្រជាពលរដ្ឋដែលជាអ្នកមកទទួល សេវា ។
លោក យន្ត មីន សង្ឃឹមថា មន្ត្រីរបស់យើងនឹងបន្តអនុវត្តការងារតាមជំនាញ រៀងៗខ្លួនឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតតាមផែនការរបស់រាជរដ្ឋាភិបាល និង ក្រសួងដែនដី និងបន្ត អនុវត្តការងារចុះ បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពល រដ្ឋឱ្យកាន់តែស៊ីជម្រៅ និងឆាប់រហ័សបើ អាចធ្វើទៅបាន ហើយរដ្ឋបាលខេត្ត និងបន្តជួយសម្របសម្រួលការងារឱ្យមាន ភាពរលូនរហ័យទាន់ពេលវេលាជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុយើងបន្ថែមទៀត ៕ ឆ្លាម សមុទ្រ