ខេត្តសៀមរាប ៖ បុរសម្នាក់ទាក់ទងប្រពន្ធគេរួចបបួលទៅលេងម្តុំអង្គរដោយឃើញមានឱកាសល្អក៏ជិះម៉ូតូចូលព្រៃធ្វើការចាប់រំលោភរហូតបានសម្រេច រួចដឹកមកផ្ទះរៀងៗខ្លួនវិញស្រាប់តែដឹងដំណឹងដល់ ឪពុក ម្តាយ ខាងស្រី ក៏ទៅ ប្តឹងនគរបាលស្រុកឱ្យឃាត់ខ្លួនតែម្តង។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ក្នុងភូមិកន្សែង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ហេង សំណាង អធិការរងទទួលបន្ទុកព្រហ្មទាណ្ឌស្រុកសូទ្រនិគម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ នេះថា ដោយយោងទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ទើបកម្លាំងនគរបាលបានធ្វើការតាមឃាត់ខ្លួនជនសង្ស័យបានតែម្តង ជនរងគ្រោះមានឈ្មោះ ធី ចាន់ធឿន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ចំណែក ជនសង្ស័យ មាន ឈ្មោះ សាត សិល ហៅ វណ្ណាភេទប្រុសអាយុ២៣ឆ្នាំ ភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោកបានបញ្ជាក់ពី ដំណើររឿងគឺនៅថ្ងៃទី២០ខែកក្កដា ជនរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងស្គាល់គ្នាតាមទូរស័ព្ទ ហើយនៅថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះបានជិៈម៉ូតូជាមួយប្អូនទៅលេងដល់ភូមិរបស់ជនសង្ស័យហើយបានជួបគ្នា និយាយលេងធម្មតា។នៅថ្ងៃទី២២បានណាត់គ្នាទៅចូលរួមកម្មវិធីជប់លៀងនៅសៀមរាប ដោយមានការផឹកស្រវឹងទាំងអស់គ្នា ជនរងគ្រោះបានទូរស័ព្ទឱ្យ ប្តី មកយកទៅផ្ទះវិញ ។
រីឯជនសង្ស័យបានមកផ្ទះ ឯភូមិកន្សែងវិញ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែកក្កដា ជនរងគ្រោះ ព្រមទាំងប្តីបានទូរស័ព្ទឱ្យជនសង្ស័យទៅយក ដោយណាត់ជួបគ្នាផ្លូវ៦០ម៉ែត្រ ពេលជួបគ្នាហើយប្តី ក៏ឱ្យទៅធ្វើការបាត់ ទុកប្រពន្ធនៅជាមួយជនសង្ស័យតែ២នាក់។ហើយជនសង្ស័យក៏បានឌុប ជនរងគ្រោះ ទៅផ្លូវអង្គរ ហើយជិៈចូលផ្លូវព្រៃស្ងាត់ ព្រមទាំងបានធ្វើសកម្មភាពចាប់រំលោភ រហូតបាន សម្រេចតែម្តង រួចទើបនាំគ្នាជិៈចេញមកដល់ផ្ទះរៀងខ្លួនវិញ។
ក្រោយពេលមានព័ត៌មាននេះដឹងដល់ឪពុកម្តាយ ខាងសាម៉ីខ្លួន ខាងស្រី ក៏បានដាក់ទៅពាក្យប្តឹងឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៧ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យតែម្តង។នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះ និង ជនសង្ស័យ បានឆ្លើយបំភ្លឺ ហើយ ចម្លើយ ទាំង២នាក់ ក៏ ស៊ីសង្វាក់គ្នា អំពីសកម្មភាព ដែលសមត្ថកិច្ច បានសួរនាំនោះដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧នេះ តាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី