អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ នឹងត្រូវបានគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ជាតិ NACC ចោទប្រកាន់បន្ថែមថ្មីទៀត គឺចំណាយខុសគោលដៅ ថវិកាជាតិ ដោយចំណាយប្រាក់សង សំណងទៅឲ្យក្រុមបាតុករ ស្លាប់នៅក្នុងដំណាក់កាលឆ្នាំ២០០៥-២០១០។
ការចោទប្រកាន់បន្ថែមកើតឡើង ក្នុងពេលដែលលោកស្រីយីងឡាក់ កំពុងរង់ចាំសេចក្តីសម្រេចរបស់តុលាការកំពូល ថៃ ស្តីពីជំនួយតម្លៃទិញស្រូវអង្ករ ធ្វើឲ្យរដ្ឋាភិបាលខាតបង់ទឹកប្រាក់រាប់សិបពា់លានដុល្លារ ។
គណកម្មធិការប្រឆាំង ពុករលួយថៃ បានប្រកាសថា នៅខែកញ្ញា ខាងមុខ រឿងស៊ើបអង្គេត ទៅលើ លោកស្រីយីងឡាក់ និង សមាជិក ៣៣នាក់ទៀត ក្នុងជួររដ្ឋាភិបាលរបស់ លោកស្រីយីងឡាក់ នាពេលនោះត្រូវបានបញ្ចប់។
ការចោទប្រកាន់ថ្មី គឺ ចំណាយខុសគោលដៅ នៅមូលនិធិជាតិ ដោយលោកស្រីបានឲ្យសងសំណងដល់ គ្រួរសារជនរង្គ្រោះ ដោយបាតុកម្ម ក្នុងឆ្នាំ២០០៥-២០១០ ចំនួន ១៩០០ នាក់ ដោយចំណាយប្រាក់ដល់ទៅ ៥៧,៧លានដុល្លារ ។
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២៥ ខែកក្កដា បានថ្កោលទោសរដ្ឋាភិបាលយោធាថៃ ដែលបាន ដកហូតទ្រព្យសម្បត្តិ និង បង្កក គណនីធនាគារចំនួន១២ របស់ លោកស្រី ដោយមិនបាន ត្រួតពិត្យទៅលើសំណើតវ៉ារបស់លោកស្រី និង រង់ចាំការសម្រេច ចុងក្រោយរបស់តុលាការ កំពូលថៃ។ លោកស្រីយីងឡាក់ទទួលរងការចោទប្រកាន់ ពីបទ ធ្វេសប្រហែស នៅក្នុងការជំនួយតម្លៃ ស្រូវអង្កររបស់ពលរដ្ឋ ធ្វើឲ្យរដ្ឋត្រូវខាត បង់រាប់សិបពាន់លានដុល្លារ។
សារព័ត៌មាន បាងកក់ប៉ុស្តិ៍ បានដកស្រងសម្តី អគ្គលេខាធិការ របស់ក្រសួង ហិរញ្ញវត្ថុថៃ លោកSomchaiSujjapongseបានឲ្យដឹងថា រដ្ឋាភិបាលបានផ្ញើលិខិតលម្អិតស្តីអំពី គណនីធនាគា ចំនួន១២ របស់ លោកស្រីយីង ឡាក់ ដល់ក្រុមអ្នក អនុវត្តច្បាប់ កាលពីពីរសប្តាហ៍កន្លងមក ដើម្បីបង្កកប្រាក់របស់ធនាគារ។
លោក Ruenwadee Suwannamongkol ប្រធានាយកដ្ឋានអនុវត្តច្បាប់ថៃ បានឲ្យដឹងថា ដោយសារតែរយៈពេលដែលត្រូវ ដោះស្រាយរឿងក្តីនេះ មានដល់ទៅ១០ឆ្នាំ ក្រសួងហិរញ្ញវត្ថុនឹងផ្តល់បញ្ចីថ្មីគ្រាប់ពេលវេលា ដើម្បី បម្រើដល់ដំណើរការរឹបអូសទ្រព្យសម្បត្តិ របស់លោកស្រីយីងឡាក់។ ប៉ុន្តែលោក Suwannamongkol មិនបានបង្ហាញពីចំនួនទឹកប្រាក់ពិតមានចំនួនប៉ុន្មាននៅក្នុងគណនីទាំង១២ របស់លោកស្រី យីងឡាក់។
មេធាវីរបស់លោកស្រីយីងឡាក់ លោក Napadon Laowthong កាល់ពីថ្ងៃទី២៥ ខែកក្កដា បានបញ្ជាក់ថា នៅពេលនេះ ធនាគាចំនួន៧ ក្នុងចំណោម១២របស់លោកស្រីយីងឡាក់ត្រូវបាន បង្កក់ ដោយមិនអាចដកហូតឬ ធ្វើអាជីវកម្មបានឡើយ៕ ម៉ែវ សាធី