សន្តិសុខត្រូវបានរឹតបន្តឹង នៅតាម អាកាសយានដ្ឋាន ក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃទី៣១ ខែកក្កដា ក្រោយពេលដែល កម្លាំងសន្តិសុខប្រទេសនេះបានបំបែក គម្រោងវាយប្រហារភេរវកម្មជាទ្រង់ទ្រាយធំទៅលើយន្តហោះដឹកអ្នកដំណើរប្រទេសនេះ។
វិធីសាស្ត្រត្រួតពិនិត្យសន្តិសុខថ្មី វ៉ាលិស របស់អ្នកដំណើរ នៅលើយន្តហោះទាំង ក្នុងនិងក្រៅប្រទេស គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យទាំងអស់។ អ្នកដំណើរត្រូវបានស្នើឲ្យមកអាកាសយានដ្ឋានឲ្យបានមុនចេញដំណើរ ២ម៉ោង សម្រាប់អ្នកដំណើរក្នុង ស្រុក និង ៣ម៉ោង សម្រាប់អ្នកដំណើរក្រៅ ស្រុក ដើម្បីត្រួតពិនត្យសម្ភារដោយត្រូវឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យទាំងអស់។
ក្រសួងយុតុ្តិធម៌អូស្ត្រាលី បានបញ្ជាក់ ថា ច្បាប់សន្តិសុខថ្មីនេះ អាចធ្វើឲ្យការ ហោះហើរយឺតយ៉ាវ បង្កផលវិបាកដល់អ្នក ដំណើរ ប៉ុន្តែសកម្មភាពបែបនេះ នឹងធានា សុវត្ថិភាពដល់អ្នកដំណើរ។
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានចុះ ផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ថា ក្រុមភេវករមួយមានគម្រោងវាយប្រហារមកលើយន្តហោះ ហើយត្រូវបានប្រកាស ឲ្យដឹងកាលពីថ្ងៃសៅរ៍កន្លងមកនេះ ។ ក្រុមអាជ្ញាធរនៅក្រុងស៊ីដនី បានធ្វើការ ឡោមព័ទ្ធ អគារមួយកន្លែង និងបានចាប់ ជនសង្ស័យ ចំនួន៤នាក់ និងបាននាំខ្លួន ទៅឃុំឃាំង ជាបណ្តោះអាសន្ន ។
លោក Malcolm Turnbull នាយករដ្ឋ មន្ត្រីអូស្រ្តាលី បានថ្លែងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាននៅថ្ងៃអាទិត្យមុននេះថា ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើង ដោយផ្តោតទៅលើ ផែនការនៃការបំផ្ទុះ គ្រាប់បែកមួយទៅលើយន្ត ហោះ ។
លោក Turnbull បានបន្តថា ការស៊ើប អង្កេតនៅក្នុងរឿងនេះ កំពុងដំណើរការ ហើយសន្តិសុខក៏ត្រូវបានពង្រឹងដែរ នៅ តាមព្រលានយន្តហោះ សំខាន់ទាំងអស់ នៅទូទាំប្រទេស ដោយសារតែមាន ការ គំរាមពីក្រុមភេរវករ ថានឹងមានសកម្មភាព ដ៏ខ្លាំងក្លា កើតឡើង ។
លោក Turnbull បានថ្លែងថា “រាល់ថ្ងៃ គ្រប់ម៉ោងទាំងអស់ យើងផ្តោតលើការ ធានា បាននូវការការពារដល់ប្រទេសរបស់ យើង ដើម្បីប្រឆាំងទៅនឹងអំពើភេរវកម្ម ដែលអាចកើតមានឡើងយ៉ាងខ្លាំងក្លា គ្រប់ សកម្មភាពទាំងអស់” ។
អូស្ត្រាលីជាប្រទេស បានចូលរួមក្នុង សង្គ្រាមវាយប្រហារភេរវកម្មដឹកនាំដោយអាមេរិក មិនតែប៉ុណ្ណោះ អូស្ត្រាលី បាន ខិតខំចូលរួមនៅក្នុងការទប់ស្កាត់ និងកម្ចាត់ក្រុមភេរវកម្មចូលក្នុងតំបន់អាស៊ាន ។ ចំណុចទាំងនោះហើយទើបក្រុមភេរវកម្មបានឡើងគម្រោងវាយប្រហារទៅលើទឹកដីអូស្ត្រាលី៕ ម៉ែវ សាធី