នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មី ជប៉ុនសម្រេចជ្រើសយកអតីតរដ្ឋមន្ត្រីការពារជាតិមកកាន់តំណែងវិញ

ចែករំលែក៖

ក្នុងពេលស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ដោយសារតែ​ការសាកល្បង មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ក្នុងពេលដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន សុំលាលេងចេញពី តំណែង​នោះ រដ្ឋាភិបាលជប៉ុនក៏បានសម្រេចជ្រើស​យករដ្ឋមន្ត្រីការពារជាតិ ដែលមានបទ ពិសោធខ្ពស់ឲ្យចូលកាន់តំណែងដ៏សំខាន់មួយនេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុនបានរាយការណ៍ កាលពីថ្ងៃអង្គារដោយផ្អែកតាមប្រភព ដែលស្និទ្ធនឹងគណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាចថានាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ (Shinzo Abe) បានកំណត់តែងតាំងលោក Itsunori Onodera ដែលធ្លាប់ បម្រើជារដ្ឋមន្រ្តីការពារជាតិជប៉ុនក្នុងឆ្នាំ២០១២-២០១៥ ជាប្រមុខថ្មីនៃក្រសួងការពារជាតិ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូអាបេ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោកគ្រោងនឹងតែងតាំងលោក Itsunori Onodera (អ៊ីស៊ូណូរី អូណូឌ័ររ៉ា) ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីការពារជាតិជប៉ុនចន្លោះឆ្នាំ២០១២-២០១៤ ជារដ្ឋមន្រ្តីការពារជាតិជាថ្មីឡើងវិញ។

ពាក់ព័ន្ធនឹងការរុះរើគណៈរដ្ឋមន្រ្តីជប៉ុននេះដែរ បើតាមភ្នាក់ងារព័ត៌មានក្យូដូក៏បានផ្សាយផងដែរថា រដ្ឋមន្ត្រីអូឡាំពិចលោក Tamayo Marukawa ទំនងជាចាកចេញពីគណៈរដ្ឋមន្រ្តី។ ក្រៅពីនេះលោក Bunmei Ibuki ដែលជាអតីតប្រធានសភា តំណាងរាស្ត្រ ត្រូវបានគេដឹងថានឹងផ្តល់តំណែងជារដ្ឋមន្ត្រី អប់រំវប្បធម៌កីឡាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉ុន្តែលោកបានបដិសេធសំណើនេះ។

សូមជម្រាបផងដែរថា កាលពីដើមខែកក្កដាកន្លងទៅនេះ លោកអាបេបានប្រកាសថាលោកគ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 3 ខែសីហា។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាការផ្លាស់ប្តូរនេះមានគោលបំណងដើម្បីស្ដារការគាំទ្រជាសាធារណៈរបស់ប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាចបន្ទាប់ពីមានរឿងអាស្រូវថ្មីៗជុំវិញការ ចោទប្រកាន់​បក្ខពួកនិយមនិងការបរាជ័យរបស់គណបក្សចំពោះ ក្នុងការប្រឆាំងនឹងបេក្ខជនគណបក្សជំទាស់ក្នុងការបោះឆ្នោតជ្រើសរើសធ្វើ ជាអភិបាលក្រុងនៅទីក្រុង Sendai ក្នុងភាគពាយ័ព្យខេត្ត Miyagi និងការបោះឆ្នោតសភាក្រុង តូក្យូនៅខែកក្កដា។

កាលពីខែឧសភាកន្លងទៅ ឯកសារផ្ទៃក្នុង របស់ក្រសួងអប់រំត្រូវបានបែកធ្លាយដល់ដៃអ្នកសារព័ត៌មាន ដែលឯកសារបែកធ្លាយនេះ បានបង្ហាញថាបានផ្តល់ផលប្រយោជន៍ដល់វិទ្យាស្ថាន Kake Gakuen ដែលជាកម្មសិទ្ធិរបស់មិត្តភក្តិលោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ បញ្ហានេះបានរុញច្រានលោក អាបេ ឲ្យកាន់តែធ្លាក់ចូលក្នុងរឿងអាស្រូវកាន់តែខ្លាំងដោយមេបក្សប្រឆាំងចោទថា មន្រ្តីដែលជារចនាសម្ព័ន្ធ ផ្លូវការរបស់ រដ្ឋាភិបាលគឺកំពុងត្រូវបានគេបញ្ចុះបញ្ចូលដើម្បីឲ្យគាំទ្រស្ថាប័នដែលជាមិត្តភក្តិរបស់លោកអាបេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print