ស្ត្រី​ម្នាក់​ចេញ​សែក​គ្មាន​ទឹក​ប្រាជាងក់​៤លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​អ៊ែត​វូត​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីជាពាណិជ្ជករម្នាក់ ដែល​​ចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារអាមេរិកទៅ​ឲ្យ​ក្រុមហ៊ុន​អ៊ែត​វូត​ ត្រូវ​បាន​លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​សីហា​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។​

សមត្ថកិច្ច​ បញ្ជាក់​ថា​ ស្ត្រីរូបនេះឈ្មោះគឹម ចាន់ស្នូរ អាយុ៣១ឆ្នាំ បានត្រូវលោក ឯក សំណាង តំណាងក្រុមហ៊ុន អ៊ែតវូត នាំ​ខ្លួន​មក​ប្រគល់​ឲ្យ​សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី០១​ ខែសីហា ដើម្បីធ្វើការសាកសួរករណីចេញ​សែក​គ្មាន​ទឹក​ប្រាក់​ចំនួនជាង៤លានដុល្លារអាមេរិក។

ប្រភពពីសមត្ថកិច្ចបាន​ឲ្យ​ដឹងថា ស្ត្រីរូបនេះបានទិញដែកពីក្រុមហ៊ុនអ៊ែតវូតជាបន្តបន្ទាប់ មានតម្លៃរហូតដល់ជាង៤លានដុល្លារ ហើយពុំបានទូទាត់សងតាមការកំណត់ ទើបខាងក្រុមហ៊ុន តម្រូវ​ឲ្យ​ស្ត្រីរូបនេះចេញសែកយកទៅទូទាត់ជំនួសប្រាក់​សុទ្ធ​វិញ។ ប៉ុន្តែពេលយកសែកទៅបើក​នៅ​ធនាគារ​ ទើបដឹងថា សែកនេះគ្មានទឹកប្រាក់ទេ។

ប្រភពដដែលបានអះអាងថា ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន ស្ត្រីរូបនេះបានបដិសេធចោល ដោយនិយាយថា នាងបានខ្ចីប្រាក់ក្រុមហ៊ុនដើម្បីយកទៅរកស៊ីដោយ​ឲ្យ​ការប្រាក់ក្នុងមួយខែជាង៥ម៉ឺនដុល្លារអាមេរិក។

ក្រោយមកខាងក្រុមហ៊ុនបានតម្រូវ​ឲ្យ​នាងចេញសែកទុកជាការធានាបំណុលនេះ ទើបនាងយល់ព្រមចេញ​ឲ្យ​ពោលគឺបានន័យថា ពុំមែនយក​សែកយកទៅសម្រាប់បើកប្រាក់ទេ គឺជាសែកសម្រាប់ដាក់ធានាប៉ុណ្ណោះ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print