ផលិតកម្មដំណាំចេកនៅខេត្តព្រះវិហារ ៖ អាច រកចំណូលបាន៧,១៥៧,០០០ ទៅ៨,៩៤៦,២៥០ដុល្លារ ក្នុង១ឆ្នាំ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុក​ជាអគ្គនាយកនៃអគ្គ​នាយក​​ដ្ឋានកសិកម្មបានដឹកនាំនាយកដ្ឋានជំនាញ ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារចុះពិនិត្យស្ថានភាពដាំដុះដំណាំចេក នៅភូមិសាម៉ូវ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

 ក្នុងការចុះពិនិត្យផ្ទាល់ លោកបណ្ឌិត ហ៊ាន វណ្ណហន បានថ្លែងកោតសសើរ និងជម្រុញឱ្យបន្តការដាំបន្តទៀត បើទោះជាមានជនអគតិមួយចំនួនតូចបានបំពុលព័ត៌មានសង្គម (វប្បធម៌លាបពណ៌ដ៏ស្មោគគ្រោក) តាមរយៈការ បង្ហោះសកម្មភាពកាប់បំផ្លាញចោលផ្លែចេក និងចោទថាតម្លៃចុះទាប ។ នេះវាបង្ហាញពីសកម្មភាពឆោទល្ងង់ បំផុត ដែលយើងក៏អាចសន្និដ្ឋានថា ជាសកម្មភាពលួចបំផ្លាញចេកចោលរបស់កម្មករក៏ថាបាន ។

ជាការពិត តម្លៃចេកឡើងចុះតាមរដូវកាល តាមព័ត៌មានផ្តល់ជូនដោយកសិករដាំចេកឈ្មោះ ឌី សុខខឿន និងជា ប្រធានសហគមន៍កសិកម្មអូរក្លែងពណ៌បានបញ្ជាក់ជូនថា តម្លៃចេកទាបបំផុត៥០០រៀល ក្នុងមួយស្និត និងខ្ពស់ តម្លៃ១១០០ទៅ១៣០០រៀល ក្នុងមួយស្និត ដែលអាចរកចំណូលបានពី១០០០ទៅ១,២៥០ដុល្លារ ក្នុងទំហំដី មួយហិកតា ក្នុងមួយឆ្នាំ (ដោយមិនគិតបញ្ចូលពីការលក់ត្រយូងចេក) ។

យោងតាមទិន្នន័យបង្ករបង្កើនផលត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ផលិតកម្មដំណាំចេកទូទាំងខេត្តអនុវត្តបានចំនួន៧,១៥៧ហិកតា ដែលអាចឱ្យខេត្តនេះរកចំណូល​បានពី៧,១៥៧,០០០ ទៅ៨,៩៤៦,២៥០ដុល្លារ ក្នុងមួយឆ្នាំ និងប្រាក់ចំណូលឈ្មួញកណ្ដាលទទួលទិញ នៅក្នុងខេត្ត ។ ថវិកាទាំងអស់នេះរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តនេះផងដែរ។

ទស្សនកិច្ចនេះ លោកបានបន្តដំណើរចុះពិនិត្យការដាំដុះដំណាំត្រសក់ទ្រើងរបស់កសិករ ឈ្មេះ សុខ កុសល់ នៅ​ក្នុង​ភូមិ ឃុំដដែល ។ ការដាំដុះតាមបច្ចេកទេសមានក្រាកៅស៊ូផ្លាស្ទិកគ្របដី និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹក​ស្រោចស្រប់ជាដើម… ។

គួរបញ្ជាក់ថា ផលិតកម្មដំណាំចេកនៅខេត្តព្រះវិហារអាចរកចំណូលបាន៧,១៥៧,០០០ទៅ៨,៩៤៦,២៥០​ដុល្លារ ក្នុង១ឆ្នាំ  ៕ ដោយ ៖ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print