ខេត្តស្វាយរៀងៈ យោងតាមលោកកែវសុថានាយការិយា ល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀងបានអោយនគរដ្រេហ្គនដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឆើយ សុជាតិភេទប្រុសអាយុ35ឆ្នាំជាតិខ្មែរមុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេតស្វាយរៀងដែលសង្ស័យជាប់ទាក់ទិនក្នុងករណីឃាតកម្មកាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៧ នៅក្រុងបាវិត ។
លោកក៏បានបន្តថានៅពេលឃាត់ខ្លួនសមត្ថកិច្ចយើងឆែកឆេរលើខ្លួនប្រាណបានរកឃើញខ្សែកមួយខ្សែ និង ចិញ្ចៀនមួយវង់ហើយ ឆ្លងតាមការសាកសួររហូតដល់ម៉ោង១៤ៈ០០នាទី ថ្ងៃដដែលនេះជនសង្ស័យបានឆ្លើយសារភាពថាៈ កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៧ ខ្លួននិងគូកនម្នាក់ ទៀតឈ្មោះ ផ្លេក មុន្នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មុខរបររត់តាក់សីុ មានទីលំនៅភូមិឃុំជាមួយគ្នា ពិតជាបានរួបរួមគ្នាប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈទៅលើនារីឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ ១៨ ឆ្នាំ នៅក្នុងរថយន្ត រួចរឹតកសម្លាប់ហើយយកទៅបោះចោលនៅចំណុចផ្លូវលំស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រាកដមែន ។
លោកក៏បានបន្តថារហូតមកដល់វេលាម៉ោង ១៥ៈ២០នាទី ថ្ងៃទី ៨ ខែ សីហាឆ្នាំ២០១៧នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លេក មុន្នី បានម្នាក់ទៀត បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងទៅទទួលយកជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕