ព្រះ​រាជ​អាជ្ញា​រង​ វ៉ា​ សក្តា​ កំពុង​ដំណើរការ​នីតិវិធី​បណ្ដឹង​ក្រុម​មេធាវី​ប្តឹង​អគ្គនាយក​រង​ពន្ធដារ​

ចែករំលែក៖

ភ្នំពេញ ​៖​ កញ្ញា​ វ៉ា​ សក្តា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កំពុង​ដំណើរការ​នីតិវិធី​បណ្ដឹង​ក្រុម​មេធាវី​៦១រូប​ប្តឹង​លោក​វ៉ាន់​ ពុទ្ធិ​ពល​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ ដែល​ក្រុម​មេធាវី​ចាត់​ទុក​ថា​ បាន​ប្រមាថ​មេធាវី​ជា​សត្វ​គោ​ ។

លោកមេធាវី​​ លី​ ច័ន្ទ​តុលា​ តំណាង​សមាជិក​សមាជិកា​មេធាវី​៦១រូប​ ថ្លែង​ថា​ ពេល​នេះ​កញ្ញា​ព្រះ​រាជ​អាជ្ញា​រង​ វ៉ា​ សក្តា​ កំពុង​ដំណើរការ​នីតិវិធី​បណ្ដឹង​នេះ​ ​ ។

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​ សមាជិក សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ចំនួន​៦១​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុក​ ។​

​លោក​មេធាវី លី ច័ន្ទ​តុលា តំណាង​ឲ្យ​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទាមទារ​ឲ្យ​ផ្តន្ទាទោស តាម​បទ​បញ្ញា​ត្តិ​មាត្រា​៣០៧ ចំណុច​ទី​៣ និង​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​ចំនួន ៤០​លាន​រៀល ទៅកាន់​សមាជិក​ម្នាក់ៗ នៃ​គណៈមេធាវី​កម្ពុជា​។​

​យោងតាម​ពាក្យបណ្ដឹង​របស់លោក​មេ​ធា​វី លី ច័ន្ទ​តុលា ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០៣ ខែសីហា គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ «​កាតព្វកិច្ច​បង់ពន្ធ​» ។ នៅក្នុង​សិក្ខាសាលា​នោះ​លោក វ៉ាន់ ពុទ្ធិ​ពល ដែលជា​វាគ្មិន បាន​ប្រើ​សម្ដី​មិន​សមរម្យ បណ្ដាល​ឲ្យ​សិក្ខាកាម ដែលជា​មេធាវី មិន​ពេញចិត្ត នឹង​បាន​ជជែក​ខ្វែងគំនិត​គ្នា​។​

​នៅល្ងាច​ថ្ងៃខែ​ដដែល ក្រោយ​មានការ​ខ្វែងគំនិត​គ្នា លោក វ៉ាន់ ពុទ្ធិ​ពល បាន​បង្ហោះ​សារ​នៅលើ​គ​ណី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ខ្លឹមសារ​ថា​« ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ឲ្យ​ទៅ​ប្រមូល​គោ​បញ្ចូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ គត់មត់ ។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ​អា​ពាល អា​ត្នោត និង​អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ខាងក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល ។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត ។ សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង​សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ ? សើច ! »​។​

​សារ ខាងលើនេះ ត្រូវបាន​សមាជិក​គណៈ​មេធាវី​កម្ពុជា ចាត់ទុកថា ជាការ​ចំអកឡកឡឺយ ក្រោមរូបភាព​ជេរប្រមាថ ដែល​សមាជិក​គណៈមេធាវី​កម្ពុជា ចំនួន​៦១​រូប​បាន​ចុះ ហត្ថលេខា​ប្ដឹង លោក វ៉ាន់ ពុទ្ធិ​ពល ពីបទ​ជេ​ប្រមាថ​ជា​សាធារណៈ និង​ទាមទា​សំណង​ម្នាក់៤០​លាន​រៀល​។​

​ដោយឡែក​ជុំវិញ​បញ្ហា​ខាងលើនេះ លោក វ៉ាន់ ពុទ្ធិ​ពល បាន​ចេញមក​បដិសេធ និង​អះអាងថា ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ អត្ថន័យ​របស់លោក​ស​រ​សេ​រលើ Facebook មិន​សំដៅលើ​មេធាវី​ឡើយ ប៉ុន្តែ​បើ​ពាក្យពេចន៍​ដែល​លោក​បាន​សរសេរ​នោះ ប៉ះពាល់​ដល់​មេធាវី​គ្រប់រូប​ឲ្យ​លោក​សុំទោស​។ លោក​បានលើកឡើង​ទៀតថា ពាក្យពេចន៍​របស់លោក​សរសេរ គឺជា​ពាក្យ​លេងសើច ចំពោះ​មន្ត្រី​កូនចៅ​របស់លោក​ប៉ុណ្ណោះ ដែលមាន​កូនចៅ​របស់​លោក​ខ្លះ បំពេញការងារ​មិនបាន​ល្អ ហើយ​ពួកគេ​ស្គាល់ និង​គោរព​លោក​ចំពោះ​ការ​លេងសើច​ទាំងនោះ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print