ខេត្តបាត់ដំបង-បន្ទាយមានជ័យ ៖ នគរបាលខេត្ត២គឺខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យបង្រ្កាបឃាត់ខ្លួនក្មេងទំនើង២៤នាក់ ខេត្តបាត់ដំបងឃា់ខ្លួន២២នាក់ ខេត្តបន្ទាយមានជ័យឃាត់ខ្លួន២នាក់ ។ ក្មេងទំនើង២២នាក់ដើរលេងអុកឡុកបង្កអសន្តិសុខនៅពេលយប់អធ្រាត្រធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច នៅក្នុងក្រុងបាត់ដំបងហើយជាមុខសញ្ញាវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុមបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការបង្រ្កាបចាប់ឃាត់ខ្លួន។ខណៈដែលកងកម្លាំងនគរបាលចេញល្បាតនៅពេលយប់អធ្រាត្រពង្រឹងសន្តិសុខនៅក្នុងក្រុងបាត់ដំបង។
ក្មេងទំនើង២២នាក់ សមត្ថកិច្ចបានចាប់ធ្វើតេស្ថទឹកនោមរកឃើញក្មេងទំនើង១៨នាក់បានប្រើប្រាស់គ្រឿងញៀន។ការបង្រ្កាបឃាត់ខ្លួនក្មេងទំនើងខាងលើកម្លាំងនគរបាលក្រុមបង្ការបង្រ្កាបធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នៅចំណុចសួនច្បារសម្តេចក្រឡាហោមស ខេង កណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការដឹកនាំបង្រ្កាបដោយ លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមកម្លាំងនគរបាលបង្ការបង្រ្កាប និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ។
លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមកម្លាំងនគរបាលបង្ការបង្រ្កាបប្រាប់ឱ្យដឹងថា កន្លងមកបញ្ហាក្មេងទំនើងដើរលេងអុកឡុកនៅពេលយប់ពួកគេបានបង្កភាពអាណាធិបតេយ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ហើយមិនតែប៉ុណ្ណោះក្មេងទំនើងទាំងនោះក៏ធ្លាប់ឈ្លោះវាយចាក់គ្នាទៅវិញទៅមកបង្កឱ្យគូទំនាស់រងរបួសរៀងៗខ្លួនផងដែរ។
លោកប្រាប់ឱ្យដឹងទៀតថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងតែដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ។ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្មេងទំនើងជាច្រើននាក់បានរងការបង្រ្កាបឃាត់ខ្លួនយកមកអប់រំនិងយកទៅអនុវត្តច្បាប់ជាបនបន្តបន្ទាប់ផងដែរ។
ពាក់ព័ន្ធនិងក្មេងទំនើងនេះផងដែរ នៅខេត្តបន្ទាយមានជ័យឯណោះវិញ ក្មេងទំនើង២នាក់ជិះម៉ូតូ១គ្រឿងអត់ពាក់មួយសុវត្ថិភាព និងគ្មាកញ្ចក់ ត្រូវបានកម្លាំងនគរបាកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ឆែកឆេរ រកឃើញពួកគេលាក់ទុកដាវសាំម៉ូរ៉ៃ១ដើមដាក់ជាប់ក្នុងខ្លួនដើម្បីទុកបង្ករបួសស្នាមគូទំនាស់និងថ្នាំ ញៀនមេតំហ្វេតាមីនទឹកកកចំនួន២កញ្ចប់តូចលាក់ទុកក្នុងកែបម៉ូតូ។ ការឃាត់ខ្លួនក្មេងទំនើង២នាក់ធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ខណៈដែលកម្លាំងនគរបាលចរាចរណ៍ខេត្តកំពុងអុនវត្តនិងត្រួតពិនិតច្បាប់ចរាចរណ៍ ស្ថិតនៅកែងផ្លូវមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តប្រាប់ឱ្យដឹងថា ជនសង្ស័យក្មេងទំនើង ២នាក់ឈ្មោះ១,លី ដាណេ ប្រុស អាយុ១៨ឆ្នាំ២, វី ម៉ុន ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេរស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកប្រាប់ឱ្យដឹងទៀតថា ក្មេងទំនើង២នាក់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនបន្ទាប់មកកម្លាំងនគរបាលចរាចរណ៍កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់៕ សំ វិច្ឆិកា