គ្រោះទឹកជំនន់នៅនេប៉ាល់បាក់ដីនៅឥណ្ឌាស្លាប់និងរបួសរាប់រយនាក់

ចែករំលែក៖

គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសនេប៉ាល់ បណ្តាលឲ្យមានមនុស្សស្លាប់ជាង៤០នាក់ និងបាត់ខ្លួនជាច្រើនអ្នកផ្សេងទៀត។ ចំណែកនៅភាគខាងជើងឥណ្ឌាវិញក៏មានមនុស្សដល់ទៅ ៤៥នាក់ស្លាប់ដោយគ្រោះបាក់ដី។

នៅក្នុងប្រទេសនេប៉ាល់ក្រសួងមហាផ្ទៃនេប៉ាល់បានឲ្យដឹងថា គ្រោះថ្នាក់ទឹកជំនន់និងបាក់ដីដែលបង្កឡើង ដោយភ្លៀងឥតឈប់ឈរចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកបានសម្លាប់មនុស្សកើនឡើងដល់៤០នាក់ នៅក្នុងប្រទេសនេប៉ាល់ ហើយយ៉ាងហោចណាស់នៅមានមនុស្ស៣៦នាក់ កំពុងបាត់ខ្លួន រួមជាមួយមនុស្សជិត២០នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល និងរាប់ពាន់គ្រួសារត្រូវផ្លាស់ទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាពនេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។

ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ មានគ្រោះបាក់ដីកើតឡើងនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ដោយបានធ្វើឲ្យរថយន្តក្រុងដឹកអ្នកដំណើរចំនួន២គ្រឿង រអិលធ្លាក់ចូលជ្រោះដ៏ជ្រៅមួយយ៉ាងហោចណាស់ស្លាប់មនុស្សអស់៤៥នាក់។ ក្រុមមន្ត្រីបានអះអាងដូច្នេះ។

រថយន្តក្រុងបានឈប់ដំណើរការដោយសារតែគ្រោះបាក់ដីបានកាត់ផ្តាច់ផ្លូវ ហើយគ្រោះបាក់ដីនេះ ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ផ្លូវនៅក្នុងស្រុកMandiនៅរដ្ឋ Himachal Pradesh រងការខូចខាតយ៉ាងដំណំ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះព្យាយាមយ៉ាងខ្លាំងក្នុងការតាមរកអ្នករងគ្រោះ។ មានមនុស្សចំនួន៥នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និងបង្កឲ្យមានរបួស។ ក្រុមមន្ត្រីបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចកើនឡើងទៀត ដោយសារតែនៅមនុស្សមួយចំនួនបាត់ខ្លួននៅឡើយ។

គេបានដឹងថា គ្រោះបាក់ដីកើតឡើង នៅក្នុងប្រទេសឥណ្ឌាភាគច្រើននៅរដូវវស្សាគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print