មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃលោក ហែម សុមុនី មានពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើយ៉ាងល្បីក្នុងខេត្តស្ទឹងត្រែង រាប់ក្បាលឡានដឹកឈើយកប្រាក់ ដាក់ខែជាមួយឈ្មួញ និងជាអ្នករត់ការនាំឡានឈើរយៈពេលជាច្រើនឆ្នាំមកហើយ។
នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ រថយន្តសាំយ៉ុងដឹកឈើធ្នង់ចំនួន១០គ្រឿង បានចេញពីចំណុចស្រែពករវាងព្រំប្រទល់ខេត្តស្ទឹងត្រែង នឹងខេត្តរតនគិរី ឆ្លងទៅវៀតណាម តាមច្រករបៀងស្រុកស្នួល ខេត្តក្រចេះ និងរថយន្តហាយឡេនឌ័រ៧គ្រឿងផ្សេងទៀតក្នុងយប់ថ្ងៃដដែល ដឹកឈើធ្នង់ចេញពីចំណុចស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង បន្តទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះដូចគ្នា ដែលអ្នករត់ការធ្វើការបានរលូន និងជោគជ័យជាមួយសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រើនស្ថាប័ននោះ។
តាមគម្រោង ឈ្មួញត្រូវប្រមូលឈើនៅចំណុចចំការដូងប្រេងដុងណាំ របស់ជនជាតិវៀតណាម ដែលគេស្តុកទុកប្រមាណជាង២០០ម៉ែត្រគូប ប្រភេទឈើធ្នង់ ត្រូវដឹកជញ្ជូនចេញពីទីនោះ ឆ្លងទៅវៀតណាមតាមខេត្តក្រចេះ ធ្វើយ៉ាងណាក្នុងមួយយប់យ៉ាងតិចចាប់ពី១០រថយន្តសាំយ៉ុង ដោយឡែកការដឹកជញ្ជូនមកពីស្រុកសៀមប៉ាង ក៏ទៅកាន់ខេត្តក្រចេះដូចគ្នា ហើយអ្នករត់ការ គឺឈ្មោះ ឃ្នី និងឈ្មោះ ហែម សុមុនីនេះដដែល។
ឈ្មោះ ឃ្នី រត់ការសម្រាប់ចាយលុយទៅលើសមត្ថកិច្ច ចំពោះឈ្មោះ ហែម សុមុនី ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង រត់ការចំណាយលុយទៅលើអាជ្ញាធរ និងមន្ត្រីជំនាញតាមមន្ទីរពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង។ សកម្មភាពដឹកជញ្ជូនឈើដ៏គគ្រឹកគគ្រេងនៅខេត្តស្ទឹងត្រែងបានបន្តកើតមានឡើងវិញ ខណៈដែលក្រុមឈ្មួញមុនដំបូងគេគ្រាន់តែប្រើបាឡែន ហាយឡេនឌ័រ តាកូម៉ា និងរថយន្តសាំយុង ដាក់ត្រឹមកញ្ចក់ ធ្វើជាការមើលអំពីសកម្មភាពរបស់សមត្ថកិច្ចថ្នាក់លើ បង្ក្រាប ឬមិនបង្ក្រាប ឬត្រូវទទួលយកសំណូក រហូតដល់ប៉ុន្មានថ្ងៃនេះ ពួកគេរត់ការត្រូវៗគ្នា ក៏សម្រេចដឹកឈើតាមរថយន្តប្រភេទសាំយ៉ុង កាលពីម្សិលមិញ ចេញចំនួន៧គ្រឿង មានហាយឡេនឌ័រ១គ្រឿង តាកូម៉ា១គ្រឿង និងសាំយ៉ុង៥គ្រឿង។ យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ រថយន្តសាំយ៉ុង១០គ្រឿងចេញពីចំណុចស្រែពក និងហាយឡេនឌ័រ៧គ្រឿងចេញពីចំណុចស្រុកសៀមប៉ាងមកកាន់ខេត្តក្រចេះដូចគ្នា ក្នុងនោះមានថៅកែវៀតណាម២នាក់ ម្នាក់ឈ្មោះ តួ និងម្នាក់ទៀត ជាអតីតមេការរបស់យាយព្រឿង ពួកគេបានស្គាល់សមត្ថកិច្ចអាជ្ញាធរនៅទីនោះ ស្ទើរតែសាច់ឈាមតែមួយនឹងគ្នាទៅហើយ ទើបបទល្មើសដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង កាន់តែកើតមានទ្រង់ទ្រាយធំ។
គួររំលឹកថា ឈើដែលឈ្មួញកំពុងដឹកជញ្ជូននៅចំណុចស្រែពក គឺជាឈើដែលប្រមូលពីគ្រប់ទិសទី ដើម្បីយកទៅវៀតណាមតាមច្រកខេត្តរតនគិរី ប៉ុន្តែដោយអាជ្ញាធរ និងសមត្ថកិច្ចខេត្តមួយនេះបានបិទមួយរយៈ ឈើនៅចំណុចស្រែពក ត្រូវចាល់ ដូច្នេះឈ្មួញក៏រកពិធីឲ្យឈ្មោះ ឃ្នី និងឈ្មោះ ហែម សុមុនី រត់ការជាមួយសមត្ថកិច្ចអាជ្ញាធរជំនាញក្នុងខេត្តស្ទឹងត្រែង ដើម្បីដឹកជញ្ជូនឈើនៅទីនោះឲ្យអស់ក្នុងរយៈពេល១សប្តាហ៍ ស្របពេលសមត្ថកិច្ចនិងអាជ្ញាធរជំនាញពាក់ព័ន្ធទាំងនោះទទួលយកសំណែនរួចទៅហើយ យ៉ាងតិចក៏ក្នុងមួយរថយន្តត្រូវចំណាយរត់ការចំនួន១០ម៉ឺនរៀលទៅ១៥០ដុល្លារ ឬ២០០ដុល្លារ ក្នុងមួយស្ថាប័ន ដែលក្នុងនោះមានជិត៣០ស្ថាប័នឯណោះ បានជាប់ពាក់ព័ន្ធក្នុងការយកប្រាក់ពីក្រុមឈ្មួញដឹកឈើ ដូច្នេះគ្មានទេ វត្តមានសមត្ថកិច្ចបង្ក្រាប ម្នាក់ៗយករួចតែខ្លួនប៉ុណ្ណោះ ៕