ភ្នំពេញ ៖ នគរបាលនាយកដ្ឋានកណ្ដាល សន្តិសុខក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែ សីហាបានបញ្ជូនបុរសជនជាតិ សៀរ៉ាឡេ អូនម្នាក់ និងបុរសជនជាតិលីប៊ីម្នាក់មក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីយកក្រដាសកែច្នៃលាងឲ្យទៅជាប្រាក់ដុល្លារអាមេរិកពិត ប្រាកដ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោករៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពុំទាន់សម្រេចយ៉ាងណានៅឡើយទេពោលគឺ កំពុងសាកសួរនៅ ឡើយ ។
មន្ត្រីនគរបាលបញ្ជាក់ថា បុរសជនជាតិ សៀរ៉ាឡេអូនឈ្មោះ កាម៉ារ៉ា អាប់ឌុល អាយុ ៣៧ឆ្នាំ និងបុរសជនជាតិលីប៊ី ឈ្មោះ ដាវិដ សុន អាល់ប៉ុនសុន អាយុ៤៨ឆ្នាំ ត្រូវបាន នគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា នៅក្នុងរាជធានីភ្នំពេញ ។
ចំពោះមូលហេតុនៃការឃាត់ខ្លួននេះ សមត្ថកិច្ចពុំបានបញ្ជាក់ឲ្យដឹងលម្អិតទេ តែប្រភពព័ត៌មានផ្សេងមួយទៀតបានបង្ហើបឲ្យដឹងថា បុរសជនជាតិបរទេសទាំងពីរនាក់នេះបានចូលមកប្រទេសកម្ពុជានាំយកម៉ាស៊ីនសម្រាប់លាងក្រដាសដែលគេនាំចូលមក ដើម្បីចេញជាប្រាក់ដុល្លារអាមេរិក។
សកម្មភាពនេះពួកគេបានធ្វើមួយរយៈ រួចមកហើយ គ្រាន់តែពុំទាន់បានយកក្រដាសប្រាក់ដែលលាងរួចនោះយកទៅចាយ វាយនៅឡើយទេ តែសមត្ថកិច្ចបើកការស្រាវជ្រាវជាបន្តបន្ទាប់ទើបឈានដល់ការឃាត់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួនរួចហើយសមត្ថកិច្ចបានឆែកឆេរកន្លែងស្នាក់នៅបុរសជនជាតិបរ ទេសទាំងពីរនាក់នេះ ហើយរកឃើញប្រាក់លាងរួចចំនួន២លានដុល្លារអាមេរិក ៕ ចេស្តា