ភ្នំពេញ៖ តារាសម្តែងនិងចម្រៀង អ៊ឹម ដាលីស បានសម្រេចផ្អាកការងារច្រៀង និងពិធីករមួយរយៈពេលក្រោយនាងទទួលបានឱកាសសម្តែងភាពយន្តថ្មីៗជាបន្តបន្ទាប់។នាងថានឹងវិលរកការងារច្រៀង និងពិធីករវិញក្រោយពេលបញ្ចប់ការងារសម្តែងភាពយន្តបន្តបន្ទាប់គ្នា។
ក្រោយបាត់មុខលើកញ្ចក់ទូរទស្សន៍មួយរយៈពេល អ៊ឹម ដាលីស លើកឡើងថា នាងមមាញឹកខ្លាំងនឹងការសម្តែង ទើបច្រានចោលការចេញច្រៀងនិងពិធីការិនី លើឆាកតន្ត្រី។ នាងថាពិតជាស្តាយដែលឱកាសការងារសិល្បៈសម្រុកខ្លាំងនៅចំខែវស្សានេះទៅវិញ។ នាងថាក្នុងខែសីហានេះនាងទទួលបានការងារសម្តែងពីររឿងជាប់ៗគ្នាគឺរឿង”គ្រូពេទ្យខ្ញុំ”របស់ស្ថានីយទូរទស្សន៍PNN និងភាពយន្តភាគថ្មីរបស់របស់ស្ថានីយទូរទស្សន៍ បាយ័ន គឺរឿង”សម្បថ និងនិស្ស័យ”។ នាងថា ភាពយន្តនេះនឹងកាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តនឹងការសម្តែងក្នុងនាមនាងជាតួអង្គសំខាន់ម្នាក់ផងដែរ។ តារាស្រីរូបនេះក៏នៅមានគម្រោងចូលរួមសម្តែងភាពយន្តថ្មីមួយចំនួនទៀតតាមការអញ្ជើញរបស់ផលិតកម្មនានាផងដែរ។
ទោះជាយ៉ាងណានាងនៅតែមិនបោះបង់ចោលការងារច្រៀង និងពិធីការិនីដែរគឺនៅតែបន្តបើទោះបីជាការងារសម្តែងឈានទៅមុខខ្លាំងក៏ដោយ។ នាងរំពឹងដែរថាចុងឆ្នាំនេះ និងដើមឆ្នាំក្រោយនាងនឹងនៅតែទទួលឱកាសសម្តែងភាពយន្ត ជាបន្តដដែល ហើយការងារជាពិធីករក៏នឹងបន្តរលូនផងដែរ៕ វឌ្ឍនា